លោក គីម ជុងអ៊ុន ធ្វើតេស្ដបាញ់កាំភ្លើងខ្លី អំឡុងចុះត្រួតពិនិត្យរោងចក្រផលិតកាំភ្លើង (Video inside)
12-03-2026 10:49
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតភ្លើងមួយកាលពីថ្ងៃពុធ ជាមួយការបញ្ចេញរូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាពរបស់លោក គីម ចុះត្រួតពិនិត្យរោងចក្រជាមួយ កូនស្រីរបស់លោក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាម KCNA លោក គីម និងកូនស្រីឈ្មោះ Ju Ae ក៏បានធ្វើតេស្ដបាញ់កាំភ្លើងខ្លីផងដែរ ខណៈមេដឹកនាំកូរ៉េខាងជើងបានអំពាវនាវឱ្យបន្តការធ្វើទំនើបកម្មអាវុធ។ លោក គីម បន្ថែមទៀតថារោងចក្រដែលលោកផ្ទាល់បានចុះត្រួតពិនិត្យ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពប្រយុទ្ធឱ្យកាន់តែមានប្រសិទ្ធភាពរបស់កងទ័ពកូរ៉េខាងជើង។
លោក គីម ជុងអ៊ុនកាលពីប៉ុន្មានថ្ងៃមុនេះក៏បានចុះត្រួតពិនិត្យការធ្វើបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្រចេញពីនាវាពិឃាតដែលកូរ៉េខាងជើងទើបតែសម្ពោធដាក់ឱ្យប្រើផងដែរ។
គួរបញ្ជាក់ថា កូនស្រីរបស់លោក គីម ជុងអ៊ុន ឈ្មោះ Ju Ae តែងតែបង្ហាញខ្លួនជាមួយឪពុកជាញឹកញាប់អំឡុងព្រឹត្តិការណ៍សំខាន់ៗរបស់កូរ៉េខាងជើង តួយ៉ាងដូចជា ការធ្វើសមយុទ្ធយោធាជាដើម។ ចារកម្មកូរ៉េខាងត្បូងកាលពីខែកុម្ភៈ បានប្រាប់សមាជិកសភាថាមានសញ្ញាជាច្រើនបង្ហាញថាកូនស្រីរបស់លោក គីម បានចូលរួមរួចទៅហើយ ក្នុងកិច្ចពិភាក្សាអំពីបញ្ហានយោបាយ ដែលនេះឆ្លុះបញ្ចាំងថារូបនាងកំពុងស្ថិតនៅក្នុងដំណាក់កាលត្រៀមលក្ខណៈសម្រាប់ការតែងតាំងជាអ្នកស្នងតំណែង៕




