អេស្ប៉ាញដកឯកអគ្គរដ្ឋទូតប្រចាំអ៉ីស្រាអែលជាស្ថាពរ ក្រោយទំនាក់ទំនងការទូតកាន់តែយ៉ាប់យ៉ឺន
11-03-2026 22:52
(ម៉ាឌ្រីដ)៖ នាថ្ងៃអង្គារនេះ ប្រទេសអេស្ប៉ាញបានសម្រេចដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសអ៉ីស្រាអែលជាស្ថាពរ បន្ទាប់ពីវិបត្តិការទូតរវាងប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរឡើង ដោយសារជំហររបស់អេស្ប៉ាញដែលប្រឆាំងនឹងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលទៅលើប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការបរទេសអេស្ប៉ាញបានប្រកាសក្នុងព្រឹត្តិបត្រផ្លូវការថា តំណែងឯកអគ្គរដ្ឋទូតប្រចាំទីក្រុងតេអវីវ ត្រូវបានបញ្ចប់ជាផ្លូវការ ហើយស្ថានទូតនឹងត្រូវដឹកនាំដោយ «មន្ត្រីទទួលបន្ទុកកិច្ចការ» វិញក្នុងរយៈពេលដែលមិនទាន់កំណត់។ ជម្លោះនេះបានកើតឡើងតាំងពីខែកញ្ញាឆ្នាំមុន នៅពេលដែលអេស្ប៉ាញបានកោះហៅឯកអគ្គរដ្ឋទូតខ្លួនត្រឡប់មកវិញ ជុំវិញវិធានការហាមឃាត់នាវា និងយន្តហោះដឹកសព្វាវុធទៅឱ្យអ៉ីស្រាអែលឆ្លងកាត់ដែនទឹក ឬដែនអាកាសរបស់ខ្លួន ដែលរដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Gideon Sa'ar បានចោទប្រកាន់ថាជាទង្វើ «ប្រឆាំងនឹងសាសន៍យូដា»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីអ៉ីស្រាអែលបើកប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាកាលពីខែតុលា ឆ្នាំ២០២៣មក។ ភាពតានតឹងបានកើនឡើងដល់កម្រិតកំពូល ក្រោយការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ ដែលបង្កឱ្យមានការប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងខ្លាំង។ កាលពីដើមខែមីនា លោក Gideon Sa'ar បានចោទប្រកាន់អេស្ប៉ាញថា «ឈរខាងពួកផ្តាច់ការ» ដោយសារតែទីក្រុងម៉ាឌ្រីដជំទាស់នឹងសង្គ្រាមនេះ។ គួរកត់សម្គាល់ផងដែរថា ស្ថានទូតអ៉ីស្រាអែលប្រចាំអេស្ប៉ាញ ក៏កំពុងដឹកនាំដោយមន្ត្រីទទួលបន្ទុកកិច្ចការដូចគ្នាដែរ បន្ទាប់ពីអ៉ីស្រាអែលកោះហៅឯកអគ្គរដ្ឋទូតខ្លួនត្រឡប់មកវិញកាលពីខែឧសភាឆ្នាំមុន ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់អេស្ប៉ាញ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន៕
