បទវិភាគ៖ មាគ៌ាអភិវឌ្ឍន៍របស់ចិនផ្ដល់ការបំផុសគំនិតដល់ពិភពលោក
11-03-2026 17:56
(ប៉េកាំង)៖ ខណៈពេលដែលពិភពលោកកំពុងឈរនៅចំណុចប្រសព្វគ្នានៃប្រវត្តិសាស្ត្រនៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើនវានុវត្តន៍ឧស្សាហកម្មជុំថ្មី ផែនការគោលស្តីពីការអភិវឌ្ឍរបស់ប្រទេសចិន បានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូលម្តងទៀត ។ «សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការតាក់តែងផែនការ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន» ដែលត្រូវបានពិនិត្យពិភាក្សានិងអនុម័ត ក្នុងកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ កាលពីខែតុលា ឆ្នាំ ២០២៥ មិនត្រឹមតែបានគ្រោងផែនការគោល ស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន (២០២៦-២០៣០) ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីរូបមន្តអភិវឌ្ឍន៍ថ្មី ដែលពឹងផ្អែកលើខ្លួនឯងនិងផ្តល់ផលប្រយោជន៍ ដល់ពិភពលោកទៅកាន់ពិភពលោកតាមរយៈបញ្ហាយុគសម័យចំនួនពីរ ស្តីពីការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យា ដោយឯករាជ្យម្ចាស់ការនិងកាលានុវត្តភាពខាងទីផ្សារដ៏ធំធេងផងដែរ ។ ប្រការនេះមិនត្រឹមតែជាជម្រើសយុទ្ធសាស្ត្រសម្រាប់ប្រទេសចិនក្នុងការឆ្លើយតបនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលពុំធ្លាប់មានក្នុងមួយសតវត្សរ៍ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់តម្រិះប្រាជ្ញាបូព៌ាសម្រាប់ដោះស្រាយភាពជាប់គាំងខាងការអភិវឌ្ឍជាសកលផងដែរ។
ទីមួយ ការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការ៖ ជាសក្ខីភាពនៃការលើកកម្ពស់បែបលោតផ្លោះជាយុទ្ធសាស្ត្រពីការឆ្លើយតបនឹងហានិភ័យដល់ការដឹកនាំទិសដៅនៅពេលអនាគត សំណើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បានលើកឡើងថា៖ "ត្រូវពន្លឿនការសម្រេចបាន នូវការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាកម្រិតខ្ពស់ ដោយឯករាជ្យម្ចាស់ការដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី"។ ប្រការនេះមិនត្រឹមតែជាតម្រូវការ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏ជាការឆ្លើយតបយ៉ាងសកម្មចំពោះនិម្មាបនកម្មប្រកួតប្រជែងនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកលផងដែរ។ ជាមួយគ្នានេះដែរ ប្រការនេះក៏ជានិមិត្តសញ្ញាបង្ហាញថា ការធ្វើបរិវត្តកម្មយ៉ាងជ្រាលជ្រៅ នៃយុទ្ធសាស្ត្រផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនបានប្រែក្លាយពី "ការពឹងផ្អែកលើខ្លួនឯង" ទៅជា "ការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការ" ក្នុងគោលបំណងមិនត្រឹមតែ បានបម្រះខ្លួនចេញផុតពីភាពលំបាកប៉ុណ្ណោះទេ ថែមទាំងត្រូវ "ឈរនៅកម្រិតខ្ពស់ កំណត់ក្បួនច្បាប់និងទទួលឈ្នះនៅពេលអនាគត" ផងដែរ ។
ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគឺជាកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ប្រទេសចិននិងជាការទ្រទ្រង់ដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន។ ជានិច្ចកាល ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនតែងតែផ្តួចផ្តើមឱ្យតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាអាទិភាព ជំរុញឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអភិវឌ្ឍទៅរក ទិសដៅវិជ្ជមាននិងជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅ សំដៅខិតខំប្រឹងប្រែងបង្រួមគម្លាតខាងបច្ចេកទេស។
បច្ចុប្បន្ននេះ កម្លាំងជាក់ស្តែងបច្ចេកវិទ្យារបស់ប្រទេសចិន សម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះជាទូទៅដែលបានត្រៀមលក្ខណៈគ្រប់គ្រាន់ជាស្រេច សម្រាប់បោះជំហានឆ្ពោះទៅរកការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ ។ នៅឆ្នាំ ២០២៤ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍរបស់ចិន មានចំនួនលើសពី ៣,៦ ទ្រីលានយាន់ប្រាក់ចិនដែលមានទំហំវិនិយោគជិតកម្រិតគិតជាមធ្យម នៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច (OECD) ហើយចំនួននិក្ខេបបទកម្រិតខ្ពស់ ដែលចេញផ្សាយលើទស្សនាវដ្តីអន្តរជាតិ និងចំនួននីយបត្រតក្កកម្មអន្តរជាតិសុទ្ធតែបានឈរនៅលំដាប់ទីមួយលើពិភពលោក ក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា ។ ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មបានពន្លឿនការរួមបញ្ចូលគ្នា។ សមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឈានមុខបានប្រែក្លាយទៅជាកម្លាំងផលិតកម្មគុណភាពថ្មីជាបន្តបន្ទាប់។ ចំនួនធនធានមនុស្សខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិនបានកាន់លំដាប់ថ្នាក់ឈានមុខលើទូទាំងពិភពលោក ដែលបានផ្តល់កម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម។
យ៉ាងណាមិញ កម្រិតខ្ពស់ដ៏ពិតប្រាកដបានបង្ហាញឱ្យឃើញក្នុងវិស័យចំនួន ៣ ៖ទីមួយគឺ សមត្ថភាពដែលប្រកបដោយភាពស្វ័យម្ចាស់ការនិងអាចគ្រប់គ្រងបាននៃខ្សែសង្វាក់ទាំងមូល សម្រេចបាននូវសមិទ្ធផលប្រកបដោយលក្ខណៈវាយទម្លុះក្នុងវិស័យយុទ្ធសាស្ត្រដែលចាំបាច់ត្រូវប្រកួតប្រជែងដូចជាថាមពលថ្មីនិងសម្ភារៈថ្មីជាដើម ។ ទីពីរគឺ ប្រសិទ្ធភាពនៃប្រព័ន្ធច្នៃប្រឌិតថ្មីដែលមានភាពបន្ស៊ីគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ បានបំបាត់របាំងរវាងការផលិត សិក្សានិងស្រាវជ្រាវ ។ ទីបីគឺ ការលើកកម្ពស់បែបលោតផ្លោះនៃសិទ្ធិបញ្ចេញមតិក្នុងអភិបាលកិច្ចផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្តសកល។
ព្រមពេលជាមួយគ្នានេះ ប្រឈមមុខនឹងសមិទ្ធផលដ៏លេចធ្លោដែលមានលក្ខណៈបដិវត្តន៍ក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច បច្ចេកវិទ្យាជីវសាស្រ្តនិងថាមពលស្អាតជាដើម ប្រទេសចិនកំពុងប្រែក្លាយពី "អ្នកដេញតាមបច្ចេកវិទ្យា" ទៅជា "អ្នកនាំមុខនវានុវត្តន៍"។ ទីពីរ កាលានុវត្តភាពទីផ្សារដ៏ធំធេង៖ តក្កវិជ្ជាអភិវឌ្ឍន៍ដែលជំរុញដោយតម្រូវការក្នុងស្រុក និងចែករំលែកជាមួយពិភពលោក។
ទីផ្សារដ៏ធំធេងដែលបង្កើតឡើងដោយចំនួន ប្រជាជនជាង ១ ពាន់ ៤ រយលាននាក់និងក្រុមមនុស្សចំណូលមធ្យមជាង ៤ រយលាននាក់គឺជាទីបង្អែកដ៏ធំបំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ។ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងផ្តោតលើការដោះស្រាយបញ្ហាលេចធ្លោដូចជាតម្រូវការក្នុងស្រុក មិនគ្រប់គ្រាន់ដែលបានបង្កើនកម្លាំងចលករផ្ទៃក្នុងនិងភាពដែលអាចពឹងផ្អែកបាន នៃការវិលជុំក្នុងស្រុកតាមរយៈការកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា ។ នេះមិនមែនជាការផ្លាស់ប្តូរទៅរកការបិទខ្ទប់ទេ តែគឺបន្តពង្រីកការបើកទូលាយចំពោះបរទេសឱ្យបានកាន់តែស៊ីជម្រៅ ខណៈពេលដែលជំរុញការឡើងចំណាត់ថ្នាក់នៃការប្រើប្រាស់និងពង្រីកតម្រូវការក្នុងស្រុក។
ភាពធំធេងនៃទីផ្សាររបស់ចិន មិនត្រឹមតែបានឆ្លុះបញ្ចាំងក្នុងទ្រង់ទ្រាយរបស់វាប៉ុណ្ណោះទេ ថែមទាំងបានស្ថិតនៅត្រង់ថា កាលានុវត្តភាពថ្មីដែលនាំមកដោយការឡើងចំណាត់ថ្នាក់ នៃរចនាសម្ព័ន្ធផងដែរ។ ពីការបង្កើនកម្លាំង នៃការពង្រីកការអនុវត្តគោលនយោបាយ "ជំរុញការធ្វើបច្ចុប្បន្នភាពជុំថ្មីនូវគ្រឿងសម្ភារៈ និងការយករបស់ចាស់ទៅប្តូររបស់ថ្មីដោយទ្រង់ទ្រាយធំ "(ហៅកាត់ថា គោលនយោបាយ"ថ្មីពីរ") ដល់ការអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកក និងសេដ្ឋកិច្ចសម្រាប់មនុស្សវ័យជរាយ៉ាងសកម្ម រហូតដល់ការអនុវត្តការធ្វើបច្ចុប្បន្នភាពទីក្រុង។ល។ វិធានការទាំងនេះ កំពុងបញ្ចេញសក្តានុពលនៃតម្រូវការក្នុងស្រុកដ៏ធំធេង ។ ពីចំនួនលក់ដូររថយន្តថាមពលថ្មីរបស់ចិន បានស្ថិតនៅចំណាត់ថ្នាក់ទីមួយនៅទូទាំងពិភពលោក ក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ដល់សមាមាត្រនៃ"សេដ្ឋកិច្ចថ្មីចំនួនបី" (ហៅកាត់ថា ឧស្សាហកម្មថ្មី មុខរបរថ្មីនិងរូបមន្តថ្មី)មានចំនួនលើសពី ១៨,១ ភាគរយនៃ GDP ទីផ្សាររបស់ចិនបានក្លាយជា កន្លែងពិសោធន៍សម្រាប់ការច្នៃប្រឌិតថ្មីសកល។
អ្វីដែលសំខាន់ជាងនេះទៅទៀត គឺ កាលានុវត្តភាពទីផ្សាររបស់ប្រទេសចិនកំពុងប្រែក្លាយទៅជាផលលាភនៃការអភិវឌ្ឍពិភពលោកចែករំលែកជាមួយគ្នា ។ លោក Siddharth Chatterjee អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសចិនបានថ្លែងនាពេលថ្មីៗ កន្លងទៅនេះថា "ខ្ញុំបានមើលឃើញផ្ទាល់ភ្នែកថា ឆ្លងតាមរយៈគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកជាដើម បទពិសោធអភិវឌ្ឍន៍ របស់ចិនកំពុងកែប្រែមុខមាត់របស់តំបន់ជាច្រើន នៃទ្វីបអាហ្វ្រិកយ៉ាងជ្រាលជ្រៅ។
បច្ចុប្បន្ននេះ ឧត្តមភាពខាងសមត្ថភាពផលិតកម្មរបស់ប្រទេសចិន ក្នុងគ្រប់វិស័យមានដូចជារថយន្តអគ្គិសនីនិងផលិតផល PV ជាដើមកំពុងពន្លឿនការធ្វើបរិវត្តកម្មបៃតងសកល ក្នុងតម្លៃដែលអាចទទួលយកបាន ហើយ "ឥទ្ធិពលវិជ្ជមាន" បែបនេះបានធ្វើឱ្យទីផ្សារដ៏ធំធេងរបស់ប្រទេសចិន ក្លាយជាអ្នកផ្តល់ផលិតផលសាធារណៈជាសកលដ៏សំខាន់។ ទីបី ការបំផុសគំនិតសកលនៃមាគ៌ាអភិវឌ្ឍន៍របស់ចិនបានបង្ហាញឱ្យឃើញនូវ តម្លៃសកលនៃគំរូអភិវឌ្ឍន៍និងតម្រិះប្រាជ្ញាខាងអភិបាលកិច្ច។
អ្វីដែលសំណើផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បង្ហាញឱ្យឃើញនោះគឺ វាមិនត្រឹមតែជាផែនការគោលសម្រាប់អភិវឌ្ឍន៍របស់ប្រទេសមួយប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវតម្រិះប្រាជ្ញាខាងអភិបាលកិច្ចដែលអាចរៀនសូត្របានផងដែរ ។ ការតាក់តែងផែនការដោយវិទ្យាសាស្ត្រនិងការអនុវត្តផែនការក្នុងរយៈពេល ៥ ឆ្នាំជាបន្តបន្ទាប់គឺជាមធ្យោបាយដ៏សំខាន់មួយ នៃអភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិន ហើយក៏ជាឧត្តមភាពដ៏សំខាន់ខាងនយោបាយរបស់សង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនផងដែរ។
សារសំខាន់ជាសកលនៃមាគ៌ាអភិវឌ្ឍន៍របស់ចិន បានផ្តល់មាគ៌ាអភិវឌ្ឍទំនើបភាវូបនីយកម្មដ៏ថ្មីទាំងស្រុងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ។ ការធ្វើទំនើបកម្មតាមបែបផែនចិនបានបំបែកទស្សនៈខុសឆ្គងថា ការធ្វើទំនើបកម្ម ត្រូវធ្វើតាមតែលោកខាងលិចដោយបញ្ជាក់ថា បណ្តាប្រទេសនានាអាចស្វែងរកមាគ៌ាអភិវឌ្ឍន៍ ប្រកបដោយឯករាជ្យម្ចាស់ការដែលផ្អែកលើសភាពការណ៍ប្រទេសរៀងៗខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានលើកឡើងថា សំណើផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ "មិនមែនតែជាផែនទីបង្ហាញ ផ្លូវខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក៏នឹងគ្រោងអនាគតមួយដែលថា ប្រទេសចិនមិនត្រឹមតែជាអ្នកចូលរួមដ៏សំខាន់នៃការគាំពារសណ្តាប់ធ្នាប់សកលប៉ុណ្ណោះទេ ថែមទាំងជាអ្នកកំណត់ស្តង់ដារបច្ចេកទេសនិងបរិស្ថានសកលដ៏សំខាន់មួយផងដែរ"។
សូមបញ្ជាក់ថា អ្វីដែលប្រទេសចិនស្វែងរកនោះគឺ មិនមែនជាការធ្វើទំនើបកម្មដែលយកសុខតែខ្លួនឯងនោះទេ ពោលគឺ រំពឹងទុករួមសហការ ជាមួយបណ្តាប្រទេសនានា ក្នុងនោះក៏បូករួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយផងដែរដើម្បីសម្រេចការធ្វើទំនើបកម្មជាមួយគ្នា ។ មាគ៌ាអភិវឌ្ឍន៍របស់ចិនដែលបានបង្ហាញក្នុងសំណើផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ កំពុងបំពេញបន្ថែមនូវភាពប្រាកដប្រជាសម្រាប់ពិភពលោក ដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំងនិងផ្តល់ជម្រើសថ្មី សម្រាប់ជំរុញអរិយធម៌និងវឌ្ឍនភាពរបស់មនុស្សជាតិ តាមរយៈឧត្តមភាពខាងប្រព័ន្ធរបបដ៏ពិសេស ទស្សនៈអភិវឌ្ឍន៍ដែលប្រកបដោយភាពជាក់ស្តែង និងចក្ខុវិស័យសកលដែលប្រកបដោយបរិយាបន្នរបស់ខ្លួន ។ នេះប្រហែលជាការបំផុសគំនិតដ៏ជ្រាលជ្រៅបំផុត ដែលមាគ៌ាអភិវឌ្ឍន៍របស់ចិន បានផ្តល់ជូនពិភពលោកដែលថា ការអភិវឌ្ឍរបស់ប្រទេសមួយ មានតែបានចាក់ឫស ក្នុងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ផ្តោតលើផលប្រយោជន៍ និងសុខសុភមង្គលរបស់ប្រជាជននិងរួមចំណែកដល់វឌ្ឍនភាពរបស់មនុស្សជាតិ ទើបអាចទទួលបានជ័យជម្នះ នៅពេលអនាគតយ៉ាងពិតប្រាកដ៕
វិទ្យុមិត្តភាពកម្ពុជាចិន




