FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កប៉ាល់ដឹកទំនិញដោតទង់ជាតិថៃ១គ្រឿង ព្រមទាំងកប៉ាល់២គ្រឿងទៀត រងការវាយប្រហារនៅតំបន់ច្រកសមុទ្រ Hormuz (Video inside)

11-03-2026 17:06

(ឌូបៃ)៖ នាថ្ងៃពុធ ទី១១ ខែមីនា ស្របពេលដែលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកំពុងតែបន្តយ៉ាងក្តៅគគុក មានសេចក្តីរាយការណ៍ថា កប៉ាល់ដឹកទំនិញ​ចំនួន៣គ្រឿងទៀត បានរងការវាយប្រហារនៅតំបន់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងចំណោមកប៉ាល់ទាំង៣គ្រឿងខាងលើ កប៉ាល់ឈ្មោះ Mayuree Naree ដែលដោតទង់ជាតិថៃ ហាក់ទទួលរងការខូចខាតធ្ងន់ជាងគេ ដោយមានការឆាបឆេះ នៅចម្ងាយ​ប៉ុន្មានគីឡូម៉ែត្រពីភាគខាងជើងប្រទេសអូម៉ង់ ហើយក្រុមការងារកប៉ាល់មួយចំនួនធំ ត្រូវបានជម្លៀស​ចេញពីលើនោះ។ ចំណែកកប៉ាល់ដឹកទំនិញ ២គ្រឿងផ្សេងទៀត រួមមានកប៉ាល់ដោតទង់ជាតិជប៉ុនឈ្មោះ One Majesty ដែលបានរងការវាយប្រហារ នៅក្បែរឆេ្នរប្រទេសអេមីរ៉ាតអារ៉ាប់រួម និងកប៉ាល់ឈ្មោះ Star Gwyneth ដែលដោតទង់ជាតិប្រទេសដែនកោះ Marshall នៅក្បែរទីក្រុងឌូបៃ។

គួរបញ្ជាក់ថា ចរាចរណ៍ដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលទទួលបន្ទុកប្រមាណ២០ភាគរយ នៃការដឹកជញ្ជូនប្រេងនិងឧស្ម័នរបស់ពិភពលោក បានជាប់គាំងសឹងទាំងស្រុង តាំងពីសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ឧប្បត្តិហេតុថ្មីខាងលើនេះ នាំឱ្យចំនួនកប៉ាល់ដែលបានស្ថិតក្រោមការវាយប្រហារ គិតចាប់តាំងពីជម្លោះផ្ទុះឡើង កើនដល់យ៉ាងហោច១៤គ្រឿង៕