សេតវិមាន៖ ប្រេងនៅអាមេរិកឡើងថ្លៃ គឺគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ (Video inside)
11-03-2026 15:29
(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ បាននិងកំពុងព្យាយាមរំងាប់ក្តីបារម្ភរបស់សាធារណៈជននៅទូទាំងសហរដ្ឋអាមេរិក ជុំវិញការកើនឡើងថ្លៃថាមពល ដែលកើតចេញពីបញ្ហាសង្រ្គាមជាមួយអ៉ីរ៉ង់ ដោយនិយាយថា តម្លៃប្រេង និងឧស្ម័នបច្ចុប្បន្ន គឺគ្រាន់តែជារឿងបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២៦។
តម្លៃប្រេងឆៅ កាលពីថ្ងៃអង្គារ បានថយចុះបន្តិចពីការកើនឡើងយ៉ាងខ្លាំង នៅថ្ងៃចន្ទដើមសប្តាហ៍ ប៉ុន្តែវានៅតែស្ថិតក្នុងកម្រិតខ្ពស់ បើធៀបនឹងមុនពេលមានសង្រ្គាម។ ការកាត់បន្ថយការផ្គត់ផ្គង់ដោយអារ៉ាប៊ីសាអូឌីត និងប្រទេសផលិតផ្សេងទៀត ក៏បានបង្កឱ្យមានការភ័យខ្លាចថែមទៀត ចំពោះការផ្គត់ផ្គង់សម្រាប់ពិភពលោក។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt គូសបញ្ជាក់ថា «សកម្មភាពយោធាអាមេរិក នឹងនាំឱ្យតម្លៃថាមពលធ្លាក់ចុះ។ សូមធានាជូនប្រជាជនអាមេរិកថា ការកើនឡើងនៃតម្លៃប្រេង និងឧស្ម័នថ្មីៗនេះ គឺគ្រាន់តែបណ្ដោះអាសន្ន ហើយប្រតិបត្តិការនេះនឹងធ្វើឱ្យតម្លៃឧស្ម័នទាបជាងមុន ក្នុងរយៈពេលវែង»។
គួរបញ្ជាក់ថា តម្លៃថាមពលខ្ពស់ ធ្វើឱ្យទីផ្សារភាគហ៊ុនអាមេរិកដាំក្បាលចុះ គំរាមកំហែងដល់វិស័យសេដ្ឋកិច្ច និងបង្កហានិភ័យសម្រាប់សមាជិកគណបក្សសាធារណរដ្ឋ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំនេះ ខណៈដែលអ្នកបោះឆ្នោតប្រាប់អ្នកស្ទង់មតិថា ថ្លៃចំណាយលើការរស់នៅគឺជាកង្វល់ចម្បងរបស់ពួកគេ៕


