FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ព្រលយពាក្យថា អាចនឹងព្រមចរចាជាមួយអ៉ីរ៉ង់ ប៉ុន្តែអាស្រ័យលើលក្ខខណ្ឌ

10-03-2026 21:58

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់បណ្តាញទូរទស្សន៍ Fox News ថា លោកអាចនឹងមានឆន្ទៈក្នុងការបើកកិច្ចសន្ទនាជាមួយប្រទេសអ៉ីរ៉ង់ ប៉ុន្តែវាអាស្រ័យទៅលើលក្ខខណ្ឌជាក់ស្តែង។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន Fox News នាថ្ងៃអង្គារនេះ។

ឆ្លើយតបនឹងសំណួរអំពីលទ្ធភាពនៃការចរចាជាមួយទីក្រុងតេហេរ៉ង់ លោក ត្រាំ បានបង្ហើបថា លោកបានឮដំណឹងមកថា អ៉ីរ៉ង់កំពុងចង់ជួបចរចាជាមួយលោកយ៉ាងខ្លាំង។ ទោះជាយ៉ាងណា លោកបានសម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ គឺលោក Mojtaba Khamenei ដោយលោកបញ្ជាក់យ៉ាងដាច់អហង្ការថា «ខ្ញុំមិនជឿថា មេដឹកនាំរូបនេះអាចរស់នៅដោយសន្តិភាពបាននោះទេ»។

គួរបញ្ជាក់ថា លោក ត្រាំ បានអះអាងថាលទ្ធផលនៃប្រតិបត្តិការយោធាអាមេរិកក្នុងប្រទេសអ៉ីរ៉ង់ «លើសពីការរំពឹងទុក» យ៉ាងខ្លាំង។ ទន្ទឹមគ្នានេះ លោកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អ៉ីរ៉ង់ ដែលបានបាញ់ស្រោចមីស៊ីល និងដ្រូនវាយប្រហារទៅលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដែលជាសកម្មភាពឆ្លើយតបទៅនឹងការវាយលុករបស់អាមេរិក និងអ៉ីស្រាអែលក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ៕