FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Human Rights Watch៖​ អ៉ីស្រាអែលបានប្រើប្រាស់ «ផូស្វ័រពណ៌ស» ដោយខុសច្បាប់លើតំបន់លំនៅដ្ឋានក្នុងប្រទេសលីបង់ (Video inside)

10-03-2026 21:41

(បេរូត)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) បានចេញរបាយការណ៍ថ្មីមួយកាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ថា យោធាអ៉ីស្រាអែលបានប្រើប្រាស់គ្រាប់បែក «ផូស្វ័រពណ៌ស» ដោយខុសច្បាប់ លើតំបន់លំនៅដ្ឋានក្នុងទីក្រុង Yohmor ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃទី៣ ខែមីនា ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល។ នេះបើយោងតាមការចេញផ្សាយ

ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកស្រាវជ្រាវរបស់ HRW ប្រចាំលីបង់ លោក Ramzi Kaiss បានបញ្ជាក់ថា ឥទ្ធិពលនៃការឆាបឆេះនៃសារធាតុផូស្វ័រពណ៌ស អាចបណ្តាលឱ្យស្លាប់ ឬរងរបួសយ៉ាងខ្លោចផ្សា ដែលធ្វើឱ្យជនរងគ្រោះត្រូវទទួលរងទុក្ខវេទនាអស់មួយជីវិត។ ក្រុមសិទ្ធិមនុស្សមួយនេះ បានអះអាងថាខ្លួនបានផ្ទៀងផ្ទាត់រូបភាពចំនួន ៨សន្លឹក ដែលបង្ហាញពីការប្រើប្រាស់សារធាតុនេះលើតំបន់លំនៅដ្ឋាន និងសកម្មភាពរបស់ក្រុមសង្គ្រោះបន្ទាន់ដែលកំពុងចុះពន្លត់អគ្គិភ័យក្នុងតំបន់នោះ។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែលបានប្រាប់ Reuters ថា ខ្លួនមិនបានដឹង និងមិនអាចបញ្ជាក់ពីការប្រើប្រាស់គ្រាប់បែកដែលមានផ្ទុកផូស្វ័រពណ៌សនៅលីបង់នោះទេ។ តាមច្បាប់មនុស្សធម៌អន្តរជាតិ ការប្រើប្រាស់គ្រាប់បែកប្រភេទនេះផ្ទុះនៅលើអាកាស (Airburst) ពីលើតំបន់ដែលមានប្រជាជនរស់នៅ គឺជារឿងខុសច្បាប់។ គិតមកទល់ពេលនេះ ការវាយប្រហាររបស់អ៉ីស្រាអែលលើលីបង់រយៈពេលជាងមួយសប្តាហ៍ បានសម្លាប់មនុស្សជិត ៤០០នាក់ និងបង្ខំឱ្យពលរដ្ឋរាប់សែននាក់ត្រូវជម្លៀសខ្លួនចេញពីលំនៅដ្ឋាន៕