តួកគីដាក់ពង្រាយប្រព័ន្ធមីស៊ីល Patriot របស់អាមេរិក ដើម្បីពង្រឹងការការពារដែនអាកាស ក្រោយការវាយប្រហារពីអ៉ីរ៉ង់ (Video inside)
10-03-2026 20:55
(អង់ការ៉ា)៖ ក្រសួងការពារជាតិតួកគី បានប្រកាសនៅថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ភាគអាគ្នេយ៍នៃប្រទេស ស្ថិតនៅក្បែរមូលដ្ឋានរ៉ាដារបស់អង្គការណាតូ (NATO) ក្នុងខេត្ត Malatya ដើម្បីពង្រឹងការការពារប្រឆាំងនឹងការគំរាមកំហែងពីមីស៊ីល ក្នុងអំឡុងសង្គ្រាមអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការដាក់ពង្រាយនេះធ្វើឡើងនៅក្បែរមូលដ្ឋានរ៉ាដា Kurecik ដែលជាទីតាំងយុទ្ធសាស្ត្រសំខាន់បំផុតរបស់ណាតូ ដែលកាលពីសប្តាហ៍មុនបានជួយកំណត់អត្តសញ្ញាណមីស៊ីលបាលិស្ទីកអ៉ីរ៉ង់ ២គ្រាប់ ដែលហោះសំដៅមកកាន់ទឹកដីតួកគី។ ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា «បន្ថែមពីលើវិធានការជាតិរបស់យើង ប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរបស់ណាតូ ក៏ត្រូវបានបង្កើនផងដែរ។ ក្នុងក្របខ័ណ្ឌនេះ ប្រព័ន្ធ Patriot មួយត្រូវបានដាក់ពង្រាយទៅកាន់ Malatya ដើម្បីការពារដែនអាកាសរបស់យើង»។
គួរបញ្ជាក់ថា ថ្វីត្បិតតែតួកគីមានកងទ័ពធំជាងគេទី២ ក្នុងអង្គការណាតូក្តី ប៉ុន្តែប្រទេសនេះនៅខ្វះខាតប្រព័ន្ធការពារដែនអាកាសពេញលេញផ្ទាល់ខ្លួន ទើបត្រូវពឹងផ្អែកលើការការពារពីណាតូ។ មកទល់ពេលនេះ មានប្រព័ន្ធ Patriot របស់អេស្ប៉ាញមួយរួចមកហើយ ដែលកំពុងឈរជើងការពារទឹកដីតួកគី។ ទន្ទឹមគ្នានេះ យោងតាមសេចក្តីរាយការណ៍ ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណារើទីតាំងសព្វាវុធយោធា រួមទាំងប្រព័ន្ធ Patriot ដែលកំពុងឈរជើងក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបញ្ជូនមកកាន់តំបន់មជ្ឈិមបូព៌ាវិញ។ យ៉ាងណាមិញ ខាងភាគីអ៉ីរ៉ង់បានបដិសេធថា ខ្លួនមិនបានតម្រង់គោលដៅវាយប្រហារលើប្រទេសជិតខាងដូចជាតួកគីឡើយ ខណៈប្រធានាធិបតីនៃប្រទេសទាំងពីរបានសន្ទនាគ្នាដើម្បីដោះស្រាយបញ្ហានេះរួចហើយកាលពីថ្ងៃចន្ទ៕

