ទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន ត្រូវបានរំពឹងថានឹងមិនមានលទ្ធផលធំដុំ ក្រៅពីការរក្សាលំនឹងទំនាក់ទំនង (Video inside)
09-03-2026 19:13
(ប៉េកាំង)៖ ប្រភពចំនួន ៥រូប ដែលដឹងពីការរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅខែនេះ បានបង្ហើបថា ទស្សនកិច្ចនេះទំនងជាមិនអាចបង្កើតឱកាសសម្រាប់ការស្តារទំនាក់ទំនងធុរកិច្ច និងការវិនិយោគឡើងវិញបាននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បច្ចុប្បន្ន មិនមានសញ្ញាណណាមួយបង្ហាញថា ទីក្រុងប៉េកាំងនឹងទទួលបានការការពារការវិនិយោគ ដែលខ្លួនបានទាមទារសម្រាប់ក្រុមហ៊ុនចិននោះឡើយ ខណៈខាងភាគីអាមេរិកវិញ ក៏មិនទាន់មានការរៀបចំគណៈប្រតិភូថ្នាក់នាយកប្រតិបត្តិ (CEO) ធំដុំដូចការរំពឹងទុករបស់ធុរជនមួយចំនួនដែរ។ គោលដៅចម្បងដែលវ៉ាស៊ីនតោន និងប៉េកាំងកំពុងសម្លឹងមើល គឺការរក្សាស្ថិរភាពរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ បន្ទាប់ពីឆ្លងកាត់ភាពតានតឹងយ៉ាងខ្លាំងកាលពីពេលកន្លងទៅ ដែលបង្កឡើងដោយការដំឡើងពន្ធរបស់លោក ត្រាំ និងការរឹតត្បិតការនាំចេញរ៉ែដ៏កម្ររបស់ចិន។
គួរបញ្ជាក់ថា ទោះបីជាក្រុមហ៊ុនអាមេរិកមួយចំនួនមានក្តីសង្ឃឹមថា ទស្សនកិច្ចនេះនឹងទទួលបានលទ្ធផលលើសពីការអនុម័តកិច្ចព្រមព្រៀងទិញសណ្តែកសៀង និងយន្តហោះ Boeing ក៏ដោយ ប៉ុន្តែការរំពឹងទុកទាំងនោះហាក់មានកម្រិតទាប។ ភាគីទាំងពីរនឹងផ្តោតសំខាន់លើការជៀសវាងការប៉ះទង្គិចគ្នាជាថ្មី ដើម្បីធានាបាននូវលំនឹងទំនាក់ទំនង ដែលរក្សាបានចាប់តាំងពីចុងឆ្នាំមុនមក៕
