FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផែនការ៥ឆ្នាំ៖ ប្រជាធិបតេយ្យតាមបែបផែនចិន ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍរបស់ចិន

09-03-2026 17:52

(ប៉េកាំង)៖ នៅក្នុងពិភពលោកសម័យបច្ចុប្បន្ន ប្រទេសនានាកំពុងប្រកួតប្រជែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា ដើម្បីធានាការរីកចម្រើនរបស់ជាតិ និងការរស់នៅល្អប្រសើររបស់ប្រជាជន។ ក្នុងចំណោមប្រទេសទាំងនេះ ប្រទេសចិន ត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងលឿន និងគួរឱ្យចាប់អារម្មណ៍បំផុតក្នុងរយៈពេលជាច្រើន ទសវត្សរ៍ចុងក្រោយនេះ។ ពីប្រទេសដែលធ្លាប់ជាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍ ចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចធំមួយ នៅលើពិភពលោក។ ការរីកចម្រើនដ៏លឿននេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាបានកើតឡើងដោយសារការដឹកនាំ និងប្រព័ន្ធអភិបាលកិច្ចដែលមានប្រសិទ្ធភាព។

អភិបាលកិច្ចរបស់ចិនផ្តោតសំខាន់លើការដឹកនាំយ៉ាងរឹងមាំ ការធ្វើផែនការរយៈពេលវែង ការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពប្រជាជន។ លើសពីនេះ អភិបាលកិច្ចរបស់ចិនក៏ផ្តោតលើ ការចូលរួមរបស់ប្រជាជនក្នុងដំណើរការ គ្រប់គ្រងប្រទេស តាមរយៈប្រព័ន្ធប្រជាធិបតេយ្យដែលអនុវត្តក្នុងដំណើរការទាំងមូល។ ប្រព័ន្ធនេះផ្តល់ឱកាសឱ្យប្រជាជនបញ្ចេញមតិ និងចូលរួមក្នុងការសម្រេចចិត្តលើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជាតិ។

ការដឹកនាំប្រកបដោយទិសដៅ និងចក្ខុវិស័យវែងឆ្ងាយ ជាគុណសម្បត្តិសំខាន់មួយនៃអភិបាលកិច្ចរបស់ចិន ដែលជាការដឹកនាំ មានទិសដៅច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយ។ រដ្ឋាភិបាលចិនបានរៀបចំផែនការអភិវឌ្ឍជាតិជាប្រព័ន្ធ និងអនុវត្តតាមគោលដៅដែលបានកំណត់យ៉ាងត្រឹមត្រូវ។ ឧទាហរណ៍ ផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ គឺជាឧបករណ៍សំខាន់មួយ ក្នុងការគ្រប់គ្រង និងរៀបចំការអភិវឌ្ឍប្រទេស។ ផែនការទាំងនេះកំណត់គោលដៅ និងយុទ្ធសាស្ត្រសម្រាប់វិស័យសំខាន់ៗ ដូចជា សេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យា កសិកម្ម និងបរិស្ថាន។

ការធ្វើផែនការដែលមានប្រព័ន្ធ និងមានការត្រួតពិនិត្យជាបន្តបន្ទាប់ បានធ្វើឱ្យការអភិវឌ្ឍរបស់ចិនមានទិសដៅច្បាស់ និងមានប្រសិទ្ធភាពខ្ពស់។ អាភិបាលកិច្ចរបស់ចិនបានជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំង។ ចាប់តាំងពីការធ្វើ កំណែទម្រង់សេដ្ឋកិច្ច និងការបើកចំហទៅកាន់ពិភពលោក ប្រទេសចិនបានទាក់ទាញ ការវិនិយោគពីបរទេសយ៉ាងច្រើន។ រដ្ឋាភិបាលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ដូចជា ការកាត់បន្ថយពន្ធ និងការផ្តល់បរិយាកាសអាជីវកម្មល្អ។ ជាមួយគ្នានេះ ការអភិវឌ្ឍឧស្សាហកម្ម និងការផលិតទំនិញបានធ្វើឱ្យប្រទេសចិនក្លាយជា មជ្ឈមណ្ឌលផលិតកម្មធំមួយនៅលើពិភពលោក។ ទំនិញផលិតនៅចិនត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើន ដែលជួយបង្កើនប្រាក់ចំណូលជាតិ និងបង្កើតការងារច្រើនសម្រាប់ប្រជាជន។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើប ជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ រដ្ឋាភិបាលចិន បានវិនិយោគយ៉ាងច្រើនក្នុងការសាងសង់ផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន កំពង់ផែ និងប្រព័ន្ធដឹកជញ្ជូនផ្សេងៗ។ ផ្លូវដែកល្បឿនលឿនរបស់ចិន គឺជាប្រព័ន្ធដឹកជញ្ជូនដែលធំ និងទំនើបបំផុតមួយនៅលើពិភពលោក។ វាបានជួយភ្ជាប់ទីក្រុងធំៗ និងតំបន់ជនបទ ធ្វើឱ្យការដឹកជញ្ជូនទំនិញ និងមនុស្សមានភាពងាយស្រួល និងលឿន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ បានជួយជំរុញការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ផ្សេងៗក្នុងប្រទេស។

ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពប្រជាជន គឺជាជោគជ័យដ៏ធំមួយរបស់ចិន។ ក្នុងរយៈពេលជាង៤០ឆ្នាំ ប្រទេសចិនបានជួយឱ្យប្រជាជនរាប់រយលាននាក់ចេញពីភាពក្រីក្រ។ រដ្ឋាភិបាលបានអនុវត្តគោលនយោបាយជាច្រើន ដើម្បីជួយប្រជាជននៅតំបន់ជនបទ ដូចជា ការអភិវឌ្ឍកសិកម្ម ការបង្កើតការងារ និងការផ្តល់សេវាសង្គម។ ការកែលម្អការអប់រំ សុខាភិបាល និងសេវាសាធារណៈផ្សេងៗ បានជួយបង្កើនគុណភាពជីវិតរបស់ប្រជាជន និងធ្វើឱ្យសង្គមមានភាពស្មើភាព កាន់តែច្រើន។

ការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំ ជាយន្តការមួយដែលរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។ ការវិនិយោគក្នុងវិស័យទាំងនេះបានជួយបង្កើតនវានុវត្តន៍ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ បច្ចុប្បន្ននេះ ចិនបានក្លាយជាមេដឹកនាំក្នុងវិស័យបច្ចេកវិទ្យាច្រើន ដូចជា បច្ចេកវិទ្យា 5G បញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្មឌីជីថល។ ការអភិវឌ្ឍបច្ចេកវិទ្យានេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកែលម្អជីវភាពប្រជាជន និងបង្កើតឱកាសថ្មីៗសម្រាប់ការងារ។

ស្ថិរភាពសង្គម និងនយោបាយគឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស។ រដ្ឋាភិបាលចិនបានអនុវត្តវិធានការជាច្រើន ដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងសង្គម។ ដោយមានស្ថិរភាពនយោបាយ ប្រទេសចិនអាចផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពប្រជាជន។ វាក៏ជួយបង្កើតបរិយាកាសល្អសម្រាប់ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មផងដែរ។

សរុបមក អភិបាលកិច្ចរបស់ចិនមានគុណសម្បត្តិជាច្រើន ដែលបានជួយឱ្យប្រទេសនេះអាចអភិវឌ្ឍយ៉ាងលឿន និងមានប្រសិទ្ធភាព ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ការធ្វើផែនការអភិវឌ្ឍយ៉ាងមានប្រព័ន្ធ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាកត្តាសំខាន់ ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសមានឥទ្ធិពលនៅលើពិភពលោក។ បទពិសោធន៍របស់ចិនបានបង្ហាញថា ការគ្រប់គ្រងប្រទេស យ៉ាងមានប្រសិទ្ធភាព និងការដឹកនាំប្រកបដោយចក្ខុវិស័យ អាចជួយជំរុញការអភិវឌ្ឍជាតិ និងការលើកកម្ពស់ជីវភាពប្រជាជន។ ដូច្នេះ ប្រទេសផ្សេងៗអាចសិក្សា និងយកមេរៀនពី បទពិសោធន៍របស់ចិន ដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យកាន់តែរីកចម្រើន និងមានស្ថិរភាពក្នុងអនាគត៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា