សាកលវិទ្យាល័យនៅបង់ក្លាដែស បិទទ្វារមុនកាលកំណត់ថ្ងៃឈប់សម្រាកបុណ្យរ៉ាម៉ាឌន ដើម្បីសន្សំសំចៃថាមពល (Video inside)
09-03-2026 17:03
(ដាក្កា)៖ បង់ក្លាដែស នឹងបិទសាកលវិទ្យាល័យទាំងអស់ ចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា មុនថ្ងៃឈប់សម្រាកបុណ្យ Eid al-Fitr ជាផ្នែកមួយនៃវិធានការសង្គ្រោះបន្ទាន់ ដើម្បីសន្សំសំចៃអគ្គិសនី និងប្រេងឥន្ធនៈ ចំពេលដែលវិបត្តិថាមពលកាន់តែអាក្រក់ទៅ ពាក់ព័ន្ធនឹងសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរនិយាយថា ការសម្រេចនេះធ្វើឡើងចំពោះសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់ទូទាំងប្រទេស ដោយមិនត្រឹមតែដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែដើម្បីកុំឱ្យចរាចរណ៍កកកុញខ្លាំងពេក ដែលនាំទៅដល់កង្វះខាតប្រេងឥន្ធនៈ។
ក្រុមមន្រ្តីនិយាយថា សាកលវិទ្យាល័យនីមួយៗប្រើប្រាស់អគ្គិសនីច្រើន ហើយការបិទនេះនឹងជួយបន្ថយសម្ពាធលើ ប្រព័ន្ធថាមពលរបស់ប្រទេស។ សាលាមធ្យមសិក្សារដ្ឋ និងឯកជននៅបង់ក្លាដែស បានបិទទ្វាររួចហើយ សម្រាប់ខែដ៏វិសុទ្ធរបស់អ្នកកាន់សាសនាអ៉ីស្លាមនៃខែបុណ្យរ៉ាម៉ាឌន។
គួរបញ្ជាក់ថា តាំងពីថ្ងៃសុក្រសប្តាហ៍មុន បង់ក្លាដែសដែលពឹងផ្អែក ៩៥ភាគរយលើថាមពលនាំចូល បានកំណត់ដាក់លើការប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ប្រេងឥន្ធនៈ ក្រោយជួបបញ្ហាពិបាកទិញ និងស្តុកទុក៕


