សម្តេចប៉ាប លីអូ អំពាវនាវឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែក និងងាកមកប្រើការសន្ទនា ខណៈហិង្សានៅអ៉ីរ៉ង់ និងមជ្ឈិមបូព៌ាកំពុងកើនឡើង
08-03-2026 20:28
(បុរីវ៉ាទីកង់)៖ នាថ្ងៃអាទិត្យ សម្តេចប៉ាប លីអូ (Pope Leo) បានមានបន្ទូលថា ព័ត៌មានដ៏គួរឱ្យព្រួយបារម្ភជាបន្តបន្ទាប់ បានមកពីប្រទេសអ៉ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា ដោយទ្រង់បានអំពាវនាវឱ្យមានការបញ្ចប់អំពើហិង្សា និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកផ្លូវសម្រាប់កិច្ចសន្ទនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ស្របពេលដែលការប្រយុទ្ធគ្នាក្នុងថ្ងៃទី៩ នៃយុទ្ធនាការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់កំពុងកើនឡើង សម្តេចប៉ាបដែលជាជនជាតិអាមេរិកដំបូងគេដែលកាន់តំណែងនេះ បានព្រមានថាជម្លោះនេះកំពុងជំរុញឱ្យមានការភ័យខ្លាច និងស្អប់ខ្ពើម ហើយអាចនឹងរីកសាយភាយកាន់តែធំ។ ថ្លែងក្នុងពិធីអធិដ្ឋាន Angelus នៅទីលាន St. Peter សម្តេចប៉ាបបានមានបន្ទូលថា «យើងសូមបួងសួងដល់ព្រះជាម្ចាស់ សូមឱ្យសម្លេងគ្រាប់បែកស្ងប់ស្ងាត់ សូមឱ្យអាវុធឈប់បាញ់ ហើយសូមឱ្យមានការបើកផ្លូវសម្រាប់កិច្ចសន្ទនា ដែលអាចឱ្យសម្លេងនៃប្រជាជនទូទៅត្រូវបានគេស្តាប់ឮ»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ មន្ត្រីការទូតកំពូលរបស់បុរីវ៉ាទីកង់ លោក Cardinal Pietro Parolin បានចេញមុខរិះគន់យ៉ាងចំហរ និងធ្ងន់ធ្ងរថា ការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែល គឺជាការបំពានច្បាប់អន្តរជាតិ ដោយលោកសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយមានសិទ្ធិផ្តើម «សង្គ្រាមបង្ការ» នោះទេ ហើយប្រសិនបើគោលការណ៍នេះត្រូវបានទទួលស្គាល់ ពិភពលោកទាំងមូលនឹងប្រឈមនឹងគ្រោះមហន្តរាយនៃភ្លើងសង្គ្រាមមិនខាន៕

