អ៉ីស្រាអែល ឆ្មក់ចូលវាយប្រហារលីបង់ ពីលេីអាកាស ដែលជារឿងដ៏កម្រ សម្លាប់មនុស្សជាច្រេីននាក់
07-03-2026 20:15
(បេរូត)៖ អ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ថាយោធាអ៉ីស្រាអែលបានធ្វើប្រតិបត្តិការពីលេីអាកាស ដោយទម្លាក់កងទ័ពចូលទៅក្នុងទីក្រុងមួយ នៅភាគខាងកើតប្រទេសលីបង់ ខណៈការវាយប្រហារដ៏ខ្លាំងក្លារបស់កងទ័ពនៅទីនោះ ធ្វេីឱ្យមនុស្សជាច្រេីននាក់ស្លាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters។
ពេញមួយយប់ ឧទ្ធម្ភាគចក្រអ៉ីស្រាអែលបានទម្លាក់កងទ័ពនៅជិតទីក្រុង Nabi Chit នៃជ្រលង Bekaa ភាគខាងកើតលីបង់។ អ្នកស្រុក និងក្រុមហេសបូឡា បានបាញ់លើកងទ័ពដែលចូលមកដោយថ្មើរជើង។ កងទ័ពអ៉ីស្រាអែលបានដកថយទៅវិញ ដោយជិះឧទ្ធម្ភាគចក្រដដែល បន្ទាប់ពីបានវាយប្រហារទីក្រុង Nabi Chit និងទីក្រុងនៅក្បែរនោះ។ យោធាអ៉ីស្រាអែលមិនទាន់ឆ្លេីយតបនឹងសំណេីសុំការរបស់ Reuters អំពីប្រតិបត្តិការនេះនៅឡេីយទេ។
ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា មនុស្ស ១៦នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែលរយៈពេល ២៤ម៉ោងចុងក្រោយ ក្នុងទីក្រុង Nabi Chit។ អ្នកនាំពាក្យរបស់ក្រសួងប្រាប់ Reuters ថាចំនួនអ្នកស្លាប់នេះ គឺរាប់បញ្ចូលទាំងមនុស្សស្លាប់ក្នុងការវាយប្រហារពេញមួយថ្ងៃសុក្រ ក៏ដូចជាអំឡុងពេលការទម្លាក់គ្រាប់បែកពេញមួយយប់ ហើយអាចកើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា លីបង់បានធ្លាក់ចូលទៅកាន់តែជ្រៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាកាលពីថ្ងៃចន្ទដេីមសប្តាហ៍ នៅពេលដែលក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់បានបាញ់រ៉ុក្កែត និងដ្រូនលេីអ៉ីស្រាអែល ហេីយអ៉ីស្រាអែលបានឆ្លើយតបដោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅទូទាំងភាគខាងត្បូង លីបង់ ភាគខាងកើត និងនៅជិតរដ្ឋធានីបេរូត។
មកទល់ពេលនេះ ការវាយប្រហាររបស់អ៉ីស្រាអែលបានសម្លាប់មនុស្សជាង ២០នាក់នៅទូទាំងលីបង់។ មនុស្សប្រហែល ៣០០ ០០០នាក់ត្រូវបានណែនាំឱ្យផ្លាស់ទីលំនៅ ប៉ុន្តែមានតែមួយភាគបីប៉ុណ្ណោះនៃពួកគេ ដែលឥឡូវនេះកំពុងរស់នៅក្នុងជម្រករៀបចំដោយរដ្ឋាភិបាល៕



