សហរដ្ឋអាមេរិក អនុម័តបន្ទាន់ការលក់គ្រាប់បែក ១២០០០គ្រាប់ ទៅឱ្យអ៉ីស្រាអែល (Video inside)
07-03-2026 17:01
(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ បានអនុម័តការលក់ជាបន្ទាន់នូវគ្រាប់បែក ១២ ០០០គ្រាប់ទៅឱ្យអ៉ីស្រាអែល ខណៈប្រទេសទាំង២កំពុងធ្វើសង្រ្គាមជាមួយ អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមសេចក្ដីប្រកាសព័ត៌មានមួយ សំណើលក់គ្រាប់បែកទម្ងន់ ៤៥០គីឡូក្រាមចំនួន ១២ ០០០គ្រាប់ គិតជាទឹកប្រាក់ ១៥១.៨លានដុល្លារ ត្រូវបានអនុម័តដោយការិយាល័យកិច្ចការនយោបាយ និងយោធានៃ ក្រសួងការបរទេសអាមេរិក។ ការិយាល័យនេះដដែលបានបញ្ជាក់ទៀតថា «សំណើលក់អាវុធនេះនឹងធ្វើឱ្យសមត្ថភាពរបស់អ៉ីស្រាអែលកាន់តែប្រសើរឡើង ដើម្បីទប់ទល់នឹងការគំរាមកំហែងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»។
គួរបញ្ជាក់ថា បន្ថែមពីលើការលក់គ្រាប់បែក សហរដ្ឋអាមេរិកក៏នឹងផ្ដល់សេវាគាំទ្របច្ចេកទេស logistics និងវិស្វកម្មផងដែរ។ ជាធម្មតា ការលក់អាវុធត្រូវការការត្រួតពិនិត្យ និងការអនុម័តយល់ព្រមពី សភាអាមេរិកមុនសិន ប៉ុន្តែការលក់នេះត្រូវបានអនុម័តនៅត្រឹមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដោយសំអាងលើភាពបន្ទាន់៕

