អ៉ីស្រាអែល ថាការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ Ali Khamenei គឺស្របតាមច្បាប់សង្រ្គាម (Video inside)
06-03-2026 13:12
(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា អ៉ីស្រាអែលបាននិយាយថា ការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei គឺស្របតាមច្បាប់អន្តរជាតិចែងពីជម្លោះប្រដាប់អាវុធ ដោយចាត់ទុកលោក Khamenei ជាអគ្គមេបញ្ជាការកំពូលរបស់យោធាអ៉ីរ៉ង់ ដូច្នេះហើយជាគោលដៅស្របច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សង្រ្គាមកំពុងឆាបឆេះនៅមជ្ឈិមបូព៌ា បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន នៅពេលអាមេរិកនិងអ៉ីស្រាអែល បានរួមដៃគ្នាបើកការវាយប្រហារតាមផ្លូវអាកាសលើប្រទេសអ៉ីរ៉ង់។ អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Nadav Shoshani បាននិយាយដូច្នេះថា «នៅក្រោមច្បាប់អន្តរជាតិស្តីពីជម្លោះប្រដាប់អាវុធ មេបញ្ជាការយោធាដែលបង្គាប់បញ្ជា កងកម្លាំងប្រដាប់អាវុធដោយផ្ទាល់ អំឡុងពេលសង្រ្គាម អាចចាត់ទុកជាគោលដៅយោធាស្របច្បាប់។ ក្នុងនាមជាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ក៏មានតួនាទីជាអគ្គមេបញ្ជាការកំពូលរបស់កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ផងដែរ ដែលជាអ្នកមានសិទ្ធិសម្រេចចុងក្រោយ លើប្រតិបត្តិការយោធានានារបស់អ៉ីរ៉ង់»។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ ភរិយារបស់លោក Khamenei ព្រមទាំងកូនស្រីម្នាក់ កូនប្រសា និងចៅ២នាក់ ដែលជាអនីតិជន ក៏បានបាត់បង់ជីវិត ក្នុងការវាយប្រហារដែលបានសម្លាប់មេដឹកនាំកំពូលរូបនេះផងដែរ។
គួរបញ្ជាក់ថា អ៉ីរ៉ង់បានសងសឹកវិញ ដោយបាញ់មីស៉ីលនិងដ្រូនលើប្រទេសអ៉ីស្រាអែល និងគោលដៅនៅពាសពេញតំបន់មជ្ឈិមបូព៌ា ដែលរួមមានទីតាំងយោធា និងបេសកកម្មការទូតរបស់អាមេរិក។ រីឯអាមេរិកនិងអ៉ីស្រាអែល បាននិងកំពុងបន្តការទម្លាក់គ្រាប់បែកលើប្រទេសអ៉ីរ៉ង់៕



