FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ក្រោយអាមេរិក និងអ៉ីស្រាអែលវាយអ៉ីរ៉ង់ (Video inside)

01-03-2026 15:40

(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានបង្ហាញការព្រួយបារម្ភចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ និងបានអំពាវនាវឱ្យមានបទឈប់បាញ់ បន្ទាន់មួយ ជាមួយការជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ចៀសការបង្កើនជម្លោះ និងចាប់ផ្ដើមកិច្ចសន្ទនា ក៏ដូចជាការចរចាឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសចិនបាននិយាយថាអធិបតេយ្យ សន្តិសុខ និងបូរណភាពទឹកដីរបស់អ៉ីរ៉ង់គួរតែត្រូវបានគោរព។ នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦នេះដែរ ស្ថានទូតចិនប្រចាំអ៉ីស្រាអែលបានចេញសេចក្ដីណែនាំឱ្យពលរដ្ឋចិននៅអ៉ីស្រាអែលជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព នៅក្នុងប្រទេសនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឬក៏ចាកចេញពីអ៉ីស្រាអែលឆ្ពោះទៅកាន់អេហ្ស៉ីបតាមរយៈច្រកព្រំដែន Taba។

ក្រសួងការបរទេសចិនក៏បានជំរុញផងដែរឱ្យពលរដ្ឋចិននៅអ៉ីរ៉ង់ចាកចេញពីឱ្យបានឆាប់កាន់តែល្អ។ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់។ ក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយនៅថ្ងៃអាទិត្យនេះ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរិះគន់ការវាយប្រហារនេះ ដោយចាត់ទុក ថាជាទង្វើឈ្លានពានប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ ដើម្បីអំណាចនយោបាយ និងអនុត្តរភាព៕