FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពីការទូតប្រែទៅជាសង្រ្គាម៖ តើរដ្ឋបាលរបស់លោក ត្រាំ សម្រេចចិត្តវាយអ៉ីរ៉ង់យ៉ាងដូចម្ដេច? (Video inside)

01-03-2026 14:12

(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាច្រើនសប្ដាហ៍មុនវាយអ៉ីរ៉ង់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រមូលផ្ដុំនាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿង និងនាវាពិឃាដជាច្រើនគ្រឿង ក្នុងតំបន់មជ្ឈិមបូព៌ា ជាមួយការគាំទ្របន្ថែមពីយន្ដហោះចម្បាំង F-35 និង F-22 ដែលត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅតាមបណ្ដាប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ក្នុងតំបន់។ នេះជាការបង្កើនវត្តមានយោធាដ៏ធំមិនធ្លាប់មាន ចាប់តាំងពីអាមេរិកឈានពានអ៉ីរ៉ាក់ផ្ដួលរលំរបបដឹកនាំ Saddam Hussein។

គោលដៅរបស់លោក ត្រាំ គឺដាក់សម្ពាធឱ្យថ្នាក់ដឹកនាំអ៉ីរ៉ង់ធ្វើនូវអ្វីដែលពួកគេបានជំទាស់រាប់ទសវត្សរ៍មកហើយ នោះគឺបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ រយៈចម្ងាយឆ្ងាយ ព្រមទាំងបញ្ឈប់ការគាំទ្រដល់ក្រុមប្រដាប់អាវុធក្នុងតំបន់។ លោក ត្រាំ បាននិយាយថាលោកពេញចិត្តដោះស្រាយជាមួយអ៉ីរ៉ង់តាមផ្លូវការទូត តែការបង្កើនវត្តមាន យោធានៅតែបន្តធ្វើឡើង។ មិនតែប៉ុណ្ណោះក្នុងពេលដែលបេសកជនពិសេសរបស់លោក គឺកូនប្រសារប្រុសរបស់លោក លោក Jared Kushner និងលោក Steve Witkoff ត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវដើម្បីពិភាក្សាជាមួយសមភាគីអ៉ីរ៉ង់ ការពិចារណាលើការសម្រេចចិត្តបានប្រែប្រួលឆ្ពោះទៅជម្លោះ។

អំឡុងថ្លែងសុន្ទរកថាស្ដីពីស្ថានភាពសហព័ន្ធកាលពីថ្ងៃអង្គារកន្លងទៅនេះ លោក ត្រាំ បានព្រមានថាក្រុមមន្ត្រីអ៉ីរ៉ង់ជាថ្មីម្ដងទៀតនៅតែបន្តដើរតាមមហិច្ឆតាដ៏កខ្វក់របស់ពួកគេដើម្បី ស្ដារកម្មវិធីនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីត្រូវបានបំផ្លាញក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីខែមិថុនា ឆ្នាំ២០២៥។ «ពួកគេចង់ធ្វើកិច្ចព្រមព្រៀង។ ប៉ុន្តែ យើងមិនបានស្ដាប់ឮពាក្យសម្ងាត់ទាំងនោះទេ គឺយើងនឹងមិនមានអាវុធនុយក្លេអ៊ែរទេ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។ នៅល្ងាចថ្ងៃអង្គារដដែលនោះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាទាំង២របស់សហរដ្ឋអាមេរិក ដើម្បីជូនដំណឹងដល់ពួកគេអំពីកិច្ចចរចា។

ពេលវេលាកាន់តែខើច ប៉ុន្តែនៅពីក្រោយឆាកវិញ ការជជែកវែកញែកនៅតែបន្តធ្វើឡើង។ ការវាយតម្លៃរបស់ទីភ្នាក់ស៊ើបការណ៍សម្ងាត់ការពារជាតិអាមេរិកបានសន្មត់ថាការរីកចម្រើន របស់កម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់នៅតែស្ថិតក្រោមការដាក់កំហិត ខណៈចារកម្មអ៉ីស្រាអែលបានព្រមានពីភាពចាំបាច់ត្រូវតែធ្វើសកម្មភាពបន្ទាន់ដើម្បីរារាំងឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។

ក្រុមមន្ត្រីអាមេរិកមួយចំនួនបានព្រមានបេសកជនរបស់លោក ត្រាំ ថាកុំសូវជឿលើការវាយតម្លៃរបស់ចារកម្មអ៉ីស្រាអែលពេក។ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ កិច្ចចរចា របស់លោក Kushner និងលោក Witkoff ជាមួយក្រុមមន្ត្រីអ៉ីរ៉ង់ក្នុងទីក្រុងហ្សឺណែវ បានបិទបញ្ចប់ទៅដោយគ្មានផ្លែផ្កា ឬកិច្ចព្រមព្រៀងណាមួយឡើយ។ ក្រុមមន្ត្រីអ៉ីរ៉ង់បាននិយាយថាពួកគេជឿថាកិច្ចចរចាជុំទី២នៅថ្ងៃព្រហស្បតិ៍នោះបានបង្ហាញពីភាពរីកចម្រើន។

ប៉ុន្តែនៅល្ងាចថ្ងៃដដែល លោក Kushner និងលោក Witkoff មានអារម្មណ៍ថាកិច្ចចរចាជាមួយអ៉ីរ៉ង់ក្លាយទៅជារឿងគួរឱ្យធុញទ្រាន់។ នៅក្នុងគំនិតរបស់អ្នកទាំង២ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei មិនមានគំនិតរួមរស់ជាមួយចក្ខុវិស័យរបស់លោក ត្រាំ ចំពោះតំបន់មជ្ឈិមបូព៌ានោះទេ។ ក្រោយចំណាយពេល១៦ម៉ោង ក្នុងទីក្រុងហ្សឺណែវ ក្រុមមន្ត្រីអាមេរិកបានចាកចេញត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញជាមួយការដាក់ឱសានវាទ។

* មិនសប្បាយចិត្តទាល់តែសោះ

ការរឹងទទឹងរបស់អ៉ីរ៉ង់បានធ្វើឱ្យទីប្រឹក្សាមួយចំនួនរបស់លោក ត្រាំខកចិត្ត និងខឹងសម្បារ ដោយពួកគេចាត់ទុកថាកិច្ចចរចាជាមួយអ៉ីរ៉ង់ធ្វើឡើងដោយមិនមានភាពស្មោះត្រង់ និងជាការគំរាមកំហែងពីអំណាចខាងក្រៅមួយដែលកំពុងព្យាយាមបំបែកបំបាក់ក្រុមមន្ត្រីជំនិតនៅជុំវិញលោក ត្រាំ ក្នុងកាលៈទេសៈដ៏សំខាន់។ ក្នុងថ្ងៃតែមួយនោះនៅឯសេតវិមាន លោក ត្រាំ កំពុងត្រៀមខ្លួនធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋតិចសាស់ដើម្បីចូលរួមក្នុងសកម្មភាពនយោបាយក្នុងស្រុកមួយចំនួន ប៉ុន្មានថ្ងៃមុនមានការបោះឆ្នោតបឋមដ៏សំខាន់នៅក្នុងរដ្ឋមួយនេះ។ ព្រមពេលជាមួយគ្នា អារម្មណ៍របស់លោកលើអ៉ីរ៉ង់មិនល្អនោះទេ។ ក្រុមមន្ត្រីអាមេរិកបានប្រាប់រូបលោកថាកិច្ចព្រមព្រៀងរយៈពេលខ្លីជាមួយអ៉ីរ៉ង់ជិតសម្រេចបាន តែវាមិនអាចដោះស្រាយបញ្ហាស្នូលដូចជាកម្មវិធីនុយក្លេអ៊ែររបស់តេហេរ៉ង់បានឡើយ។

នៅឯពិធីជួបជុំមួយក្នុងរដ្ឋតិចសាស់ លោក ត្រាំបាននិយាយថាលោកមិនសប្បាយចិត្តទាល់តែសោះចំពោះរបៀបចរចារបស់អ៉ីរ៉ង់។ បន្ទាប់ពីនោះស្ថានភាពហាក់ធូរស្រាលបន្តិច។ នៅហាងលក់ burger មួយ លោក ត្រាំ ហាក់មានអារម្មណ៍ល្អប្រសើរឡើងវិញ។ តែអារម្មណ៍ល្អនេះមានបង្កប់ការពិតមួយ នោះគឺនឹងមិនមានកិច្ចចរចាទៀតទេ។ លោក ត្រាំ បានចាកចេញពីរដ្ឋតិចសាស់ និងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋផ្ល័ររីដាដើម្បីសម្រាកថ្ងៃចុងសប្ដាហ៍នៅឯភូមិគ្រឹះ Mar-a-Lago។ ក្នុងពេលលោក ត្រាំ កំពុងសម្រាកចុងសប្ដាហ៍ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានកោះប្រជុំជាមួយសមាជិកគណៈរដ្ឋមន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោន។ នៅយប់នោះ លោក Rubio វិញបានជូនដំណឹងទៅកាន់តំណាងរាស្ត្រអាមេរិកជាន់ខ្ពស់ថាសកម្មភាពយោធា ប្រឆាំងអ៉ីរ៉ង់ទំនងជានឹងត្រូវធ្វើឡើង។

នៅក្នុងវីដេអូមួយដែលត្រូវបានថតទុកដោយមិនមានអ្នកសារព័ត៌មាន និងចេញផ្សាយនៅពាក់កណ្ដាលយប់ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រាំ បានប្រកាសពីការវាយប្រហារ និងជំរុញឱ្យ ប្រជាជនអ៉ីរ៉ង់ផ្ដួលរំលំរបបដឹកនាំរបស់ពួកគេ។ «គ្មានប្រធានាធិបតីណាមួយដែលហ៊ានធ្វើដូចដែលខ្ញុំបានធ្វើនៅយប់នេះនោះទេ»។ នេះជាការកត់សម្គាល់របស់លោក ត្រាំ ក្នុងវីដេអូ ហើយ សង្រ្គាមក៏បានចាប់ផ្ដើម។ ស្នូរផ្ទុះជាច្រើនបានកើតឡើងនៅទូទាំងប្រទេសអ៉ីរ៉ង់។ ជាការឆ្លើយតបទៅកាន់ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៉ីស្រាអែល តេហេរ៉ង់បានបើកការវាយប្រហារដោយបាញ់មីស៊ីល និងដ្រូនលើអ៉ីស្រាអែល រួមទាំងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់។ ក្នុងនោះប្រព័ន្ធការពារដែនអាកាសបានបាញ់ស្ទាក់មីស៊ីល និងដ្រូន នៅលើទីក្រុងរីយ៉ាត ឌូបៃ និងអាប៊ូដាប៊ី។ នៅក្នុងប្រទេសបារ៉ែន មូលដ្ឋានទ័ពរបស់កងទ័ពជើងទឹកអាមេរិកទី៥ បានរងការវាយប្រហារពីអ៉ីរ៉ង់ ខណៈក្នុងទីក្រុងអាប៊ូដាប៊ី មានមនុស្សម្នាក់បានស្លាប់ដោយបំណែកដែលត្រូវបានមីស៊ីលស្ទាក់ចាប់។

ប៉ុន្មានម៉ោងក្រោយមកទៀត លោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសពីការស្លាប់របស់លោក Khamenei ដែលជាមេដឹកនាំកំពូលទី២ របស់អ៉ីរ៉ង់ចាប់តាំងពីសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩។ រហូតដល់ថ្ងៃអាទិត្យ ទី១ ខែមីនា ទើបអ៉ីរ៉ង់ទទួលស្គាល់ពីមរណភាពរបស់លោក Khamenei និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀតជាមួយការប្រកាសកាន់ទុក្ខ៤០ថ្ងៃ។ សម្រាប់លោក ត្រាំ ការវាយប្រហារលើអ៉ីរ៉ង់គឺជាសកម្មភាពយោធាទ្រង់ទ្រាយធំប្រឆាំងនឹងសត្រូវរបស់អាមេរិក ចាប់តាំងពីចូលឆ្នាំ២០២៦មក ក្រោយការវាយប្រហារលើវ៉េណេស៊ុយអេឡា និងចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូកាលពីខែមករា។ សង្រ្គាមទាំង២នេះបានដើរផ្ទុយពីគោលនយោបាយ MAGA ឬធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀតរបស់លោកដែលតែងតែថ្កោលទោសប្រធានាធិបតីអាមេរិកកន្លងមកជាពិសេសមកពីគណបក្សប្រជាធិបតេយ្យសម្រាប់ការធ្វើឱ្យ សហរដ្ឋអាមេរិកធ្លាក់ចូលក្នុងភ្លើងសង្រ្គាមឥតឈប់ឈរ។ ក្រុមអ្នកវិភាគខ្លះយល់ថាតាមរយៈការវាយប្រហារលើអ៉ីរ៉ង់ លោក ត្រាំ បានប្រថុយនឹងហានិភ័យដ៏ធំមួយដែលផលវិបាក អាចនឹងមានរយៈពេលយូរឆ្នាំ។

តែលោក ត្រាំ ហាក់មិនបារម្ភឡើយ និងបានធ្វើដំណើរទៅកាន់ភូមិគ្រឹះរបស់លោកក្នុងរដ្ឋផ្ល័ររីដាធ្វើដូចជាមិនរឿងអ្វីកើតឡើង៕