តើការស្លាប់របស់លោក Khamenei ជាអវសាននៃរបបដឹកនាំអ៉ីរ៉ង់សព្វថ្ងៃឬ? (Video inside)
01-03-2026 12:23
(វ៉ាស៊ីនតោន)៖ ការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei អាចនឹងក្លាយជាការគំរាមកំហែងមួយយ៉ាងធំចំពោះរបបដឹកនាំអ៉ីរ៉ងសព្វថ្ងៃ ក្នុងពេលជិត ៥០ឆ្នាំមកនេះ។ ប៉ុន្តែវាមិនមែនមានន័យថា របបដឹកនាំទីក្រុងតេហរ៉ង់នឹងរលំរលាយទៅជាមួយរូបលោកភ្លាមៗនោះទេ។ ខណៈអ៉ីរ៉ង់មានប្រធានាធិបតីម្នាក់ដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតសកល គឺលោក Masoud Pezeshkian អំណាចធំបំផុត គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំកំពូល។
របបដឹកនាំអ៉ីរ៉ង់បច្ចុប្បន្នបានឆ្លងកាត់ការផ្លាស់ប្ដូរមេដឹកនាំកំពូលតែម្ដងគត់ ពោលគឺបន្ទាប់ពីការស្លាប់នៃស្ថាបនិកសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ លោក Ayatollah Ruhollah Khomeini ក្នុងឆ្នាំ១៩៨៩។ ការស្លាប់របស់លោក Khamenei កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ងប្រកាសទទួលស្គាល់នៅថ្ងៃអាទិត្យ ទី១ ខែមីនា បានបន្សល់ទុកភាពមិនច្បាស់លាស់អំពីអ្នកបន្តវេន។
តាមប្រព័ន្ធផ្សពផ្សាយរដ្ឋអ៉ីរ៉ង់ ប្រធានាធិបតីអ៉ីរ៉ង់ លោក Pezeshkian និងមន្ត្រីជាន់ខ្ពស់២រូបទៀតនឹងត្រូវដឹកនាំអ៉ីរ៉ង់អំឡុងពេលអន្តរកាលនេះ។ អស់រយៈពេលជាច្រើនឆ្នាំ អតីតប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ត្រូវបានគេជឿជាក់ថាជាមនុស្សម្នាក់ដែលនឹងត្រូវបន្តវេនពីលោក Khamenei ក្នុងករណីដែលមេដឹកនាំកំពូលរូបនេះស្លាប់ ឬមិនអាចបន្តកាន់តំណែងដោយប្រការណាមួយ។ ប៉ុន្តែ លោក Raisi បានស្លាប់បាត់ទៅហើយ ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីឆ្នាំ២០២៤។
ចាប់តាំងពីពេលនោះមក កូនប្រុសរបស់លោក Khamenei លោក Mojtaba Khamenei ត្រូវបានគេនិយាយតៗគ្នាក្នុងប្រទេសអ៉ីរ៉ង់ថាជាបេក្ខជនដ៏មានសក្ដានុពលម្នាក់។ ប៉ុន្តែ លោក Mojtaba មិនមែនជាបេក្ខជន តែម្នាក់នោះទេ ដោយលោក Khamenei ត្រូវបានរាយការណ៍ថាបានជ្រើសរើសបេក្ខជនចំនួន៣នាក់ដែលអាចនឹងឡើងកាន់តំណែងបន្តពីរូបលោក អំឡុងសង្រ្គាម១២ថ្ងៃជាមួយអ៉ីស្រាអែល កាលពីខែមិថុនា ឆ្នាំ២០២៥។ ប៉ុន្តែឈ្មោះបេក្ខជនទាំងនោះមិនត្រូវបានចេញផ្សាយជាសាធារណៈនោះទេ។
ភាពមិនច្បាស់លាស់អំពីអ្នកបន្តវេន អាចបង្កើតឱកាសមួយសម្រាប់ក្រុមអ្នកប្រឆាំងនឹងរបបដឹកនាំតេហេរ៉ង់សព្វថ្ងៃ។ នៅក្នុងវីដេអូប្រកាសពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ លោក ត្រាំ បានជំរុញឱ្យប្រជាជនអ៉ីរ៉ង់ ចាប់យកឱកាសដើម្បីប្ដូររបបដឹកនាំ។ «នៅពេលដែលយើងបញ្ចប់ប្រតិបត្តិការ ពួកអ្នកត្រូវគ្រប់គ្រងលើរដ្ឋាភិបាលរបស់អ្នក។ វានឹងក្លាយជារបស់អ្នក។ នេះអាចជាឱកាសចុងក្រោយរបស់អ្នកដើម្បីអ្នកជំនាន់ក្រោយ»។ លោក Philip H. Gordon ជាមន្ត្រីជាន់ខ្ពស់ម្នាក់ខាងគោលនយោបាយការបរទេស នៅក្រោមអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា និងលោក ចូ បៃដិន បាននិយាយថា «ការបញ្ជូនសាររបស់លោក ត្រាំ មានភាពមិនច្បាស់លាស់ ដោយលោកបានបន្សល់ទុកការសង្ស័យថាតើទាហានអ៉ីរ៉ង់ណាខ្លះដែលលោកប្រាប់ឱ្យទម្លាក់អាវុធចុះចាញ់ និងថាតើប្រជាជនអ៉ីរ៉ង់អាចផ្ដួលរំលំរបបដឹកនាំរបស់ពួកគេបានយ៉ាងដូចម្ដេច ខណៈមិនមានវត្តមានកងទ័ពអាមេរិក ឬអ៉ីស្រាអែលក្នុងទឹកដីអ៉ីរ៉ង់ផងនោះ?
លោក Gordon បន្ថែមទៀតថាខណៈលោក ត្រាំ អំពាវនាវឱ្យប្រជាជនអ៉ីរ៉ង់ប្ដូររបបដឹកនាំរបស់ពួកគេ តើជាប្រជាជនអ៉ីរ៉ង់ណាខ្លះ? ព្រោះអ៉ីរ៉ង់មានប្រជាជន ៩០លាននាក់។ ស្រដៀងគ្នាដែរ លោក Behnam Ben Taleblu ជាអ្នកជំនាញម្នាក់ពីអ៉ីរ៉ង់ មកពីស្ថាប័ន Foundation for Defense of Democracies បាននិយាយថា «ការស្លាប់របស់លោក Khamenei មិនប្រាកដថានឹងក្លាយជាថ្ងៃអវសាននៃរបបដឹកនាំសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នោះទេ»។ តាមអ្នកជំនាញរូបនេះ អ៉ីរ៉ង់ធ្លាប់បានឆ្លងកាត់វិបត្តិក្នុងស្រុកជាច្រើនតាមរយៈការបង្ក្រាបមិនញញើតដៃលើប្រជាជនខ្លួនឯង និងសម្ពាធរបស់បរទេស។ លោកបានបន្ថែមថារដ្ឋាភិបាលអ៉ីរ៉ង់បានរស់រានមានជីវិត តាមរយៈការធ្វើប្រតិបត្តិការយុទ្ធសាស្ត្រពណ៌ប្រផេះ ដោយលោកចង់សំដៅលើសមត្ថភាពរបស់តេហេរ៉ង់ក្នុងការថែរក្សាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលអស់ពេលជាច្រើនឆ្នាំ បើទោះជាមានសម្ពាធពីអន្តរជាតិ។ របបដឹកនាំតេហេរ៉ង់ ក៏បានបង្ហាញរួចដែរពីឆន្ទៈបង្ក្រាបក្រុមបាតុករ ឬអ្នកប្រឆាំងដោយមិនញញើតដៃ។
គួរបញ្ជាក់ថា ប្រសិនបើការលើកឡើងកាលពីថ្ងៃសៅរ៍គឺជាការគិតគូររបស់លោក ត្រាំ នោះរដ្ឋបាលលោក ត្រាំសង្ឃឹមថាអាចនឹងយកគម្រូអន្តរកាលនៃការផ្លាស់ប្ដូរមេដឹកនាំវ៉េណេស៊ុយអេឡា មកអនុវត្តលើអ៉ីរ៉ង់ តាមរយៈការគាំទ្រ ឱ្យមេដឹកនាំណាម្នាក់ក្នុងជួរកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ឡើងគ្រប់គ្រងប្រទេស ដូចគ្នាទៅនឹងការយល់ព្រមប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ឡើងកាន់តំណែងជំនួសលោក នីកូឡាស់ ម៉ាឌូរ៉ូ។ ក៏ប៉ុន្តែ បើគ្មានការផ្ទេរអំណាចទេ នោះក្រុមឧត្តមសេនីយ៍ និងមេយោធានៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់អាចនឹងដឹកនាំប្រទេសក្រោមរូបភាពកាន់តែផ្ដាច់ការ និងប្រឆាំងសហរដ្ឋអាមេរិកខ្លាំងជាងមុនទៅទៀត។ អំឡុងផ្ដល់សក្ខីកម្ម ចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក កាលពីខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទទួលស្គាល់ថាក្នុងករណីលោក Khamenei គឺគ្មាននរណាម្នាក់ ដឹងនោះទេថាតើនរណានឹងត្រូវឡើងដឹកនាំអ៉ីរ៉ង់បន្ត៕








