មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ត្រូវបានសម្លាប់នៅឯការិយាល័យរបស់លោក ក្នុងរដ្ឋធានីតេហេរ៉ង់ (Video inside)
01-03-2026 09:54
(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលត្រូវចំការិយាល័យរបស់លោកក្នុងរដ្ឋធានីតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNN។
តាមទីភ្នាក់ងារសារព័ត៌មាន Fars News លោក Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការិយាល័យរបស់លោកក្នុងនិវេសនដ្ឋានរបស់មេដឹកនាំ អំឡុងរូបលោក កំពុងបំពេញការងារ ចំពេលការវាយប្រហារបានកើតឡើងនៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ។
រូបភាពផ្កាយរណបពីក្រុមហ៊ុន Airbus បានបង្ហាញពីផ្សែងពណ៌ខ្មៅខ្មួលខ្មាញ់ហុយចេញពីនិវេសនាដ្ឋានរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ ក្រោយការវាយប្រហារ។ រូបភាពទាំងនោះក៏បង្ហាញផងដែរពីអគាររងការខូចខាតធ្ងន់ធ្ងរដោយសារតែការវាយប្រហារ៕


