FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើនរណានឹងឡើងដឹកនាំអ៉ីរ៉ង់ ក្រោយការស្លាប់របស់មេដឹកនាំកំពូល Ayatollah Ali Khamenei? (Video inside)

01-03-2026 09:44

(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ជាច្រើននៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានទទួលស្គាល់ការស្លាប់របស់មេដឹកនាំំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលអះអាងថាមេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នាលើអ៉ីរ៉ង់កាលពីថ្ងៃសៅរ៍ម្សិលមិញ។ ថាតើនរណានឹងឡើងកាន់តំណែងជំនួសលោក Ali Khamenei គេមិនទាន់ច្បាស់នៅឡើយទេ ដោយសារតែលោក Khamenei មិនដែលប្រកាសជាសាធារណៈពីការអ្នកបន្តវេនពីរូបលោកឡើយ។ ស្ថាប័នបោះឆ្នោតមួយដែលមានសមាសភាពអាចារ្យ ជាន់ខ្ពស់ ៨៨នាក់ ឬដែលគេស្គាល់ថាសភានៃក្រុមអ្នកជំនាញនឹងត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់។

ខាងក្រោមនេះគឺជាបេក្ខជនសំខាន់ៗមួយចំនួនសម្រាប់តំណែងជាមេដឹកនាំកំពូលអ៉ីរ៉ង់៖

* លោក Mojtaba Khamenei មានអាយុ៥៦ឆ្នាំ៖ ជាកូនប្រុសទី២ របស់លោក Khamenei លោក Mojtaba ត្រូវបានគេស្គាល់ថាជាមនុស្សមានឥទ្ធិពលម្នាក់នៅអ៉ីរ៉ង់ និងមានទំនាក់ទំនងរឹងមាំជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីស្លាមអ៉ីរ៉ង់ IRGC) ព្រមទាំង កងកម្លាំងទាហានបារ៉ា Basij។ ប៉ុន្តែ​ការផ្ទេរតំណែងពីឪពុកទៅកូនមិនត្រូវបានលើកទឹកចិត្តឡើយ នៅក្នុងប្រព័ន្ធនយោបាយនៃនិកាយស៊ីអ៉ីតរបស់អ៉ីរ៉ង់។ មិនតែប៉ុណ្ណោះមានឧបសគ្គផ្សេងទៀត គឺលោក Mojtaba មិនមែនជាអាចារ្យជាន់ខ្ពស់នោះទេ ហើយក៏មិនមានតំណែងផ្លូវការក្នុងរបបដឹកនាំអ៉ីរ៉ង់នោះដែរ។

* លោក Alireza Arafi មានអាយុ៦៧ឆ្នាំ៖ លោក Arafi​ ជាមនុស្សម្នាក់មិនសូវមានគេស្គាល់ តែលោកជាអាចារ្យម្នាក់ដែលលោក Khamenei ទុកចិត្ត។ លោក Arafi​ បច្ចុប្បន្នកំពុងកាន់តំណែងជាអនុប្រធានសភានៃក្រុមអ្នកជំនាញ និងធ្លាប់ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាអាណាព្យាបាលអ៉ីរ៉ង់ (Guardian Council) ជាស្ថាប័នដ៏មានឥទ្ធិពលមួយមានតួនាទីត្រួតពិនិត្យបេក្ខជនឈរឈ្មោះបោះឆ្នោត និងច្បាប់ដែលរដ្ឋសភាអនុម័ត។ ប៉ុន្តែ លោក Arafi មិនមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ថាប័នកងកម្លាំងសន្តិសុខអ៉ីរ៉ង់នោះទេ។

* លោក Mohammad Mehdi Mirbagheri មានអាយុ៦៥ឆ្នាំ៖ ជាអាចារ្យប្រកាន់តឹងម្នាក់ និងជាសមាជិកសភានៃក្រុមអ្នកជំនាញ។ បើតាមគេហទំព័រ IranWire លោក Mirbagheri ជាមនុស្សម្នាក់ដែលប្រឆាំងនឹងលោកខាងលិច។ បច្ចុប្បន្ន លោកគឺជាប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រក្នុងទីក្រុង Qom នៃប្រទេសអ៉ីរ៉ង់។

* លោក Hassan Khomeini មានអាយុ ៥៣ឆ្នាំ៖ ជាចៅប្រុសរបស់អតីតស្ថាបនិកសាធារណៈរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ លោក Ayatollah Ruhollah Khomeini។ លោកមិនមានមុខតំណែង ក្នុងជួររដ្ឋាភិបាលអ៉ីរ៉ង់ទេ ហើយក៏មិនសូវមានឥទ្ធិពលខ្លាំងលើស្ថាប័នកងកម្លាំងសន្តិសុខនោះដែរ។

* លោក Hashem Hosseini Bushehri មានអាយុក្បែរ៧០ឆ្នាំ៖ ជាអាចារ្យជាន់ខ្ពស់ម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ថាប័នជាច្រើននៅអ៉ីរ៉ង់ ក្នុងនោះរួមទាំងសភានៃក្រុមអ្នកជំនាញជាទីដែល លោកកាន់តំណែងជាអនុប្រធានទី១។ លោក Bushehri ត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Khamenei តែមិនសូវមានឥទ្ធិពល ឬកេរឈ្មោះនៅក្នុងស្រុកទេ ហើយក៏មិនត្រូវបានគេដឹងថាមានទំនាក់ទំនងជិតស្និទ្ធជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់នោះដែរ៕