សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បើកការវាយប្រហារចំពេលមេដឹកនាំកំពូលអ៉ីរ៉ង់ប្រជុំជាមួយក្រុមមន្ត្រីជំនិត
01-03-2026 08:29
(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែល និងសហរដ្ឋអាមេរិកបានកំណត់ពេលវេលានៃការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ចំពេលមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បើកកិច្ចប្រជុំជាមួយមន្ត្រីជំនិតៗរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក៣នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ដោយឡែក អ៉ីស្រាអែលបាននិយាយថាលោក Khamenei ត្រូវបានសម្លាប់រួមជាមួយមន្ត្រីកំពូលមួយចំនួនរបស់អ៉ីរ៉ង់ ក្នុងនោះរួមមានលោក Ali Shamkhani ជាអតីតលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងលោក Mohammad Pakpour ជាមេបញ្ជាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។
បន្ថែមពីលើនេះ ប្រភពពីមន្ត្រីអ៉ីរ៉ង់២នាក់ក៏បានប្រាប់ Reuters ដែរថាលោក Khamenei កាលពីថ្ងៃសៅរ៍ម្សិលមិញ បានជួបលោក Shamkhani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ កំពូល លោក Ali Larijani នៅឯទីតាំងមួយកន្លែង មុននឹងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលចាប់ផ្ដើមការវាយប្រហារ។ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ថែមទាំងបានប្រាប់ Reuters សាកសពរបស់ លោក Khamenei ត្រូវបានរកឃើញហើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានអះអាងថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាសរួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ មកទល់នឹងពេលនេះ អ៉ីរ៉ង់មិនទាន់ទទួលស្គាល់ថាតើមេដឹកនាំកំពូលរបស់ខ្លួនពិតជាស្លាប់មែន ឬក៏យ៉ាងណានៅឡើយទេ៕



