BREAKING: លោក ដូណាល់ ត្រាំ ប្រកាសថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ (Video inside)
01-03-2026 07:48
(តេហេរ៉ង់)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងការបង្ហោះមួយលើបណ្ដេញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា « Khamenei ដែលជាមនុស្សអាក្រក់បំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រ បានស្លាប់ហើយ»។ លោក ត្រាំបន្តថានេះមិនមែនត្រឹមតែជាយុត្តិធម៌សម្រាប់ប្រជាជនអ៉ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុត្តិធម៌សម្រាប់ប្រជាជនអាមេរិក និងមនុស្សមកពីប្រទេសជាច្រើន នៅជុំវិញពិភពលោកដែលត្រូវបានសម្លាប់ ឬរងការខូចខាតធ្ងន់ធ្ងរដោយសារ Khamenei។
ក្រុមមន្ត្រីអ៉ីស្រាអែលក៏បានប្រកាសពីជោគជ័យក្នុងការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះដែរ តែខាងតេហេរ៉ង់មិនទាន់ធ្វើសេចក្ដីប្រកាសអ្វីឡើយទេ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ អះអាងថាលោក Khamenei និងមេដឹកនាំកំពូលអ៉ីរ៉ង់ជាច្រើននាក់នៅមានជីវិត និងមានសុវត្ថិភាព៕


