FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកប្រកាសគាំទ្រប៉ាគីស្ថានប្រើសិទ្ធិការពារខ្លួន ប្រឆាំងអា​ហ្វហ្កានីស្ថាន (Video inside)

28-02-2026 13:32

(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ សហរដ្ឋអាមេរិក បានបង្ហាញការគាំទ្រចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាសិទ្ធិការពារខ្លួនរបស់ប៉ាគីស្ថាន ប្រឆាំងការវាយប្រហារពីសំណាក់អាជ្ញាធរតាលីបង់នៅអាហ្វហ្កានីស្ថាន បន្ទាប់ពីទីក្រុងអ៉ីស្លាម៉ាបាដ បាននិយាយកាលពីមួយថ្ងៃមុនថា ប្រទេសជិតខាងទាំងពីរស្ថិតក្នុងសង្រ្គាមបើកចំហ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ក្នុងការការពារខ្លួនប្រឆាំងការវាយប្រហារពីតាលីបង់ ដែលត្រូវបានទីក្រុងវ៉ាស៉ីនតោន ចាត់ថ្នាក់ជាអង្គការភេរវកម្មអន្តរជាតិ។ មន្រ្តីការទូតអាមេរិក លោកស្រី Allison Hooker បានឱ្យដឹងថា កាលពីថ្ងៃសុក្រ លោកស្រីបានសន្ទនាជាមួយ​រដ្ឋលេខាធិការការបរទេសប៉ាគីស្ថាន លោកស្រី Amna Baloch។

គួរបញ្ជាក់ថា ប៉ាគីស្ថានគឺជាសម្ព័ន្ធមិត្តមិនមែន NATO ធំមួយរបស់ទីក្រុងវ៉ាស៉ីនតោន។ អំពើហិង្សាថ្មីចុងក្រោយបង្អស់នេះ បានផ្ទុះឡើងបន្ទាប់ពីប្រតិបត្តិការតាមផ្លូវអាកាសរបស់ប៉ាគីស្ថាន កាលពីចុងសប្តាហ៍មុនលើទឹកដីអាហ្វហ្កានីស្ថាន បានបង្កឱ្យមានការវាយប្រហារសងសឹក នៅតាមបណ្តោយព្រំដែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ប៉ាគីស្ថានចោទថា អាហ្វហ្កានីស្ថាន ផ្តល់កន្លែងជ្រកកោនដល់ក្រុមសកម្មប្រយុទ្ធ ប៉ុន្តែអាហ្វហ្កានីស្ថានបដិសេធ ហើយបាននិយាយថា ទីក្រុងអ៉ីស្លាម៉ាបាដ ​ព្យាយាមបង្វែរកំហុសដាក់អ្នកដទៃ ដើម្បីបិទបាំងភាពបរាជ័យផ្នែកសន្តិសុខរបស់ខ្លួនផ្ទាល់៕