រុស្ស៉ីទទូចឱ្យអាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន បញ្ឈប់ការប្រយុទ្ធគ្នាហើយចាប់ផ្តើមការចរចាឡើងវិញ (Video inside)
28-02-2026 11:58
(មូស្គូ)៖ កាលពីថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ រុស្ស៉ីបានទទូចឱ្យអាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ហើយដោះស្រាយបញ្ហាតាមរយៈមធ្យោបាយការទូត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ប្រាកដណាស់ ការប៉ះទង្គិចយោធា ដែលបានកើតឡើង គឺនឹងមិនមានលទ្ធផលវិជ្ជមានទេ។ ដូច្នេះហើយ យើងសង្ឃឹមថាពួកគេនឹងបញ្ឈប់ការប្រយុទ្ធគ្នាក្នុងពេលឆាប់ៗតាមតែអាចទៅរួច។ ដូចអ្នកដទៃទៀតដែរ យើងកំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍នេះ»។ ទន្ទឹមគ្នានោះ លោក Peskov បានទទួលស្គាល់ថា គម្រោងទស្សនកិច្ចមកកាន់រុស្ស៉ី ដោយនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif កំពុងស្ថិតក្រោមការរៀបចំ ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទទេ ខណៈបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី RIA វានឹងកើតឡើងនៅសប្តាហ៍ក្រោយ។
ពាក់ព័ន្ធការផ្ទុះជម្លោះសាជាថ្មីរវាងប្រទេសជិតខាងទាំងពីរខាងលើ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova ក៏បានលើកឡើងដែរថា រុស្ស៉ីអំពាវនាវឱ្យអាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន បោះបង់ចោលការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់នេះ ហើយវិលត្រឡប់ទៅរកតុចរចាវិញ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នានានា តាមរយៈច្រកការទូតនិងនយោបាយ។
គួរបញ្ជាក់ថា រុស្ស៉ីគឺជាប្រទេសតែមួយគត់ ដែលផ្តល់ការទទួលស្គាល់ផ្លូវការ ចំពោះរដ្ឋាភិបាលតាលីបង់ ដែលគ្រប់គ្រងអាហ្វហ្កានីស្ថាន ចាប់តាំងពីឆ្នាំ២០២១មក ហើយទីក្រុងមូស្គូក៏មានទំនាក់ទំនងល្អ ជាមួយប៉ាគីស្ថានផងដែរ៕



