FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេស្ប៉ាញរាយការណ៍ប្រាប់ WHO ពីករណីឆ្លងវីរុសផ្តាសាយជ្រូក ដែលសង្ស័យថាឆ្លងពីមនុស្សទៅមនុស្ស (Video inside)

27-02-2026 23:18

(ម៉ាឌ្រីដ)៖ នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលតំបន់កាតាឡូនៀ (Catalonia) របស់អេស្ប៉ាញ បានបញ្ជាក់ថា អេស្ប៉ាញបានរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក (WHO) អំពីករណីដែលគេសង្ស័យថាជាការឆ្លងវីរុសផ្តាសាយជ្រូកបំប្លែងថ្មី A(H1N1)v ពីមនុស្សទៅមនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ នាយកដ្ឋានសុខាភិបាលកាតាឡូនៀ បានអះអាងថា ហានិភ័យនៃការរីករាលដាលទៅកាន់ប្រជាជនទូទៅ ត្រូវបានវាយតម្លៃក្នុងកម្រិត «ទាបបំផុត»។ អ្នកជំងឺដែលបានឆ្លងវីរុសនេះ ពុំមានរោគសញ្ញាផ្លូវដង្ហើមដូចជំងឺផ្តាសាយឡើយ ហើយបច្ចុប្បន្នបានជាសះស្បើយវិញហើយ ខណៈការធ្វើតេស្តលើអ្នកដែលធ្លាប់ប៉ះពាល់ផ្ទាល់ ក៏មិនមាននរណាម្នាក់ឆ្លងបន្តនោះដែរ។

គួរបញ្ជាក់ថា យោងតាមសារព័ត៌មាន El Pais អ្នកជំងឺរូបនេះពុំធ្លាប់មានប្រវត្តិប៉ះពាល់ជ្រូក ឬទៅកសិដ្ឋានចិញ្ចឹមជ្រូកឡើយ ដែលជាហេតុធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា វាជាការឆ្លងពីមនុស្សទៅមនុស្ស។ របាយការណ៍នេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញសក្តានុពលនៃការផ្ទុះជាជំងឺរាតត្បាត ប្រសិនបើវីរុសផ្តាសាយជ្រូកនេះ បញ្ចូលគ្នាជាមួយវីរុសផ្តាសាយមនុស្ស។ កាលពីឆ្នាំ២០០៩ ជំងឺផ្តាសាយជ្រូករាតត្បាត (Swine Flu) ធ្លាប់បានឆ្លងរាលដាលដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ដោយសារវីរុសនេះមានផ្ទុកហ្សែនចម្រុះពីជ្រូក សត្វស្លាប និងមនុស្ស៕