FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូលិសម៉ាឡេស៊ីបើកការស៊ើបអង្កេតបន្ទាន់ ជុំវិញគម្រោងឃុបឃិតទម្លាក់រដ្ឋាភិបាល (Video inside)

27-02-2026 20:21

(កូឡាឡាំពួរ)៖ អគ្គស្នងការនគរបាលជាតិម៉ាឡេស៊ី បានប្រកាសនាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈនេះថា អាជ្ញាធរកំពុងបើកការស៊ើបអង្កេតយ៉ាងក្តៅគគុក ជុំវិញការឃុបឃិតជាសម្ងាត់មួយ ដើម្បី «ទម្លាក់រដ្ឋាភិបាល និងបំផ្លិចបំផ្លាញស្ថិរភាពជាតិ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Mohd Khalid Ismail អគ្គស្នងការនគរបាលជាតិម៉ាឡេស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងឃុបឃិតនេះមានការពាក់ព័ន្ធនឹងបុគ្គលមានឥទ្ធិពលក្នុងស្រុកម្នាក់ ព្រមទាំងស្ថាប័នព័ត៌មានអន្តរជាតិមួយ ប៉ុន្តែលោកមិនបានបញ្ចេញអត្តសញ្ញាណពួកគេឡើយ។ បច្ចុប្បន្ន សំណុំរឿងនេះកំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់ប្រឆាំងការបំផ្លាញលទ្ធិប្រជាធិបតេយ្យសភា ដែលជនល្មើសអាចប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារហូតដល់ ២០ឆ្នាំ ប្រសិនបើរកឃើញកំហុស។

គួរបញ្ជាក់ថា មកទល់ពេលនេះ ខាងភាគីនគរបាលពុំទាន់ទម្លាយព័ត៌មានលម្អិតបន្ថែម ជុំវិញគម្រោងក្បត់ជាសម្ងាត់នេះនៅឡើយទេ។ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក Fahmi Fadzil បានចាត់ទុកករណីនេះថាជា «រឿងដ៏ធ្ងន់ធ្ងរបំផុត» ដោយទុកភារកិច្ចឱ្យសមត្ថកិច្ចស៊ើបអង្កេតឱ្យបានពេញលេញ ខណៈការិយាល័យអគ្គរដ្ឋអាជ្ញា ក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយវិជ្ជាជីវៈ និងគ្មានការជ្រៀតជ្រែកពីភាគីណាមួយឡើយ៕