FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក មានផែនការទទួលយកជនជាតិអាហ្រ្វិកខាងត្បូងស្បែកស ចំនួន ៤៥០០នាក់ក្នុងមួយខែ ក្នុងនាមជាជនភៀសខ្លួន

27-02-2026 16:59

(វ៉ាស៉ីនតោន)៖ តាមឯកសារកុងត្រាមួយបង្ហាញថា សហរដ្ឋអាមេរិកគ្រោងដំណើរការពាក្យសុំជនភៀសខ្លួន ដើម្បីនាំយកជនជាតិស្បែកសចំនួន ៤ ៥០០នាក់ក្នុងមួយខែមកពីអាហ្វ្រិកខាងត្បូង ដែលជាចំនួនមួយលើស ក្នុងកម្មវិធីជនភៀសខ្លួនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយកំពុងដាក់បន្ទុកដល់ស្ថានទូតប្រចាំទីក្រុង Pretoria។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦។

ផែនការថ្មីដែលមាននៅក្នុងឯកសារ ចុះថ្ងៃទី២៧ ខែមករា បានបង្ហាញពីការជំរុញឱ្យអាហ្វ្រិកខាងត្បូងបង្កើនការអនុញ្ញាត ខណៈពាក្យសុំជនភៀសខ្លួនមកពីតំបន់ផ្សេងទៀត ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ សភាពាណិជ្ជកម្មអាហ្រ្វិកខាងត្បូងនៅអាមេរិក បានឱ្យដឹងកាលពីឆ្នាំមុនថា មនុស្សជាង ៦៧ ០០០នាក់ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្លាស់ទីលំនៅ។

ក្រុមមន្ត្រីអាមេរិកនិយាយថា ផែនការប្រកបមហិច្ឆតានេះ ក៏អាចប្រឈមនឹងការពន្យារពេលផ្នែករដ្ឋបាល នៅក្នុងទីក្រុងវ៉ាស៉ីនតោន ដែលក្នុងប៉ុន្មានសប្តាហ៍ថ្មីនេះ បានបញ្ឈប់ការធ្វើដំណើរជនភៀសខ្លួនទាំងអស់ មកកាន់សហរដ្ឋអាមេរិក រួមទាំងជនជាតិអាហ្វ្រិកខាងត្បូងស្បែកសផងដែរ។

គួរបញ្ជាក់ថា កន្លងមក លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងទទួលយកជនភៀសខ្លួនសរុប ៧ ៥០០នាក់ប៉ុណ្ណោះពីជុំវិញពិភពលោក ពេញមួយឆ្នាំ ២០២៦ តែចំនួនមនុស្សចន្លោះពី ៤០ ០០០នាក់ ទៅ ៦០ ០០០នាក់​ ត្រូវបានលើកយកទៅពិភាក្សាផ្ទៃក្នុងកាលពីឆ្នាំមុន។

ទោះបីជានិន្នាការកើនឡើងនាពេលថ្មីៗ មានជនជាតិអាហ្វ្រិកខាងត្បូងស្បែកសតែ ២ ០០០នាក់ប៉ុណ្ណោះ ដែលបានចូលសហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន គិតត្រឹមថ្ងៃទី៣១ ខែមករា ក្រោមកម្មវិធីដែលបានចាប់ផ្តើម នៅក្នុងខែឧសភា ឆ្នាំ ២០២៥៕