FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះការតវ៉ាធ្វើពហិការក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ ក្រោយលេចធ្លាយរឿងដឹកគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ឲ្យអ៉ីស្រាអែល ដែលប្រើក្នុងសង្រ្គាមសម្លាប់មនុស្សនៅហ្កាហ្សា (Video inside)

27-02-2026 16:54

(បាងកក)៖ បាតុកម្មនិងការអំពាវនាវឱ្យធ្វើពហិការចំពោះអាកាសចរណ៍ Thai Airways បានលេចឡើងនៅក្នុងប្រទេសអូស្រ្តាលី បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិនៃប្រទេសថៃមួយនេះ បានដឹកជញ្ជូនគ្រឿងបន្លាស់របស់​យន្តហោះចម្បាំង F-35 ឱ្យអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា Thai Airways បានដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះ F-35 ចេញពីទីក្រុងស៉ីដនីនៃ​ប្រទេសអូស្រ្តាលី មកកាន់ទីក្រុងបាងកក ដោយប្រើកន្លែងស្តុកទំនិញរបស់យន្តហោះដឹកអ្នកដំណើរ ហើយបានបញ្ជូនសម្ភារទាំងនោះ​បន្តទៅកាន់ គោលដៅចុងក្រោយរបស់ពួកវា នៅឯមូលដ្ឋានទ័ពអាកាស Nevatim ក្នុងប្រទេសអ៉ីស្រាអែល។

ប្រការហេតុនេះ ក៏បានញ៉ាំងឱ្យមានការរិះគន់នៅលើបណ្តាញសង្គម ក៏ដូចជាការធ្វើបាតុកម្មតវ៉ា និងការអំពាវនាវឱ្យធ្វើពហិការឈប់​ធ្វើដំណើរ តាមក្រុមហ៊ុនអាកាសចរណ៍ជាតិថៃតែម្តង ជាពិសេសនៅអូស្រ្តាលី។ មតិមួយចំនួនបានថ្កោលទោស ការដឹកជញ្ជូនសម្ភារទាំងនោះ គឺប្រៀបដូចជាការនាំយកសេចក្តីស្លាប់ទៅកាន់តំបន់ហ្កាហ្សាយ៉ាងដូច្នោះ ជាទីដែលបានទទួលរង ការធ្វើសង្រ្គាមយ៉ាងសាហាវ​របស់អ៉ីស្រាអែល។ ជនជាតិប៉ាឡេស្ទីនលើស៧០ ០០០នាក់ ត្រូវរាយការណ៍ថាបានបាត់បង់ជីវិត ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ​២០២៣។

យ៉ាងណាមិញ នាយកប្រតិបត្តិ Thai Airways លោក Chai Eamsiri បានចេញមុខបកស្រាយថា ប្រតិបត្តិការដឹកជញ្ជូន​របស់ខ្លួន គឺសុទ្ធតែបានប្រព្រឹត្តទៅដោយស្របតាម បទដ្ឋាននិងស្តង់ដាអន្តរជាតិ។ ចំពោះមុខការរិះគន់និងការអំពាវនាវធ្វើពហិការ ដែលអាចប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ Thai Airways លោក Chai បានទទួលស្គាល់ថា ក្រុមហ៊ុនបានតាមដានយ៉ាងដិតដល់ជុំវិញស្ថានការណ៍នៅលើបណ្តាញសង្គម ហើយបាននិយាយថា វាគឺជាបញ្ហាដ៏រសើបមួយទាក់ទងទៅនឹងជម្លោះក្នុងតំបន់ ហើយ​ក្រុមហ៊ុនមិនចង់ជាប់ពាក់ព័ន្ធទេ។ លោក Chai បានបន្តថា ក្រុមហ៊ុន Thai Airways នឹងបង្កើនការប្រុងប្រយ័ត្នជាងមុន ក្នុងការទទួលយកទំនិញ ហើយនឹងធ្វើការដើម្បីបង្កើតការយោគយល់ឱ្យកាន់តែច្បាស់ជាមួយដៃគូ ដើម្បីបញ្ចៀសបញ្ហាដែលអាចជះផលប៉ះពាល់អវិជ្ជមាន នាពេលអនាគត៕