អាមេរិកប្រកាសផ្តល់រង្វាន់ ១០លានដុល្លារ ដល់អ្នកផ្តល់ដំណឹងពីមេក្រុមជួញដូរគ្រឿងញៀនម៉ិកស៉ិក Sinaloa Cartel
27-02-2026 16:43
(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈថា សហរដ្ឋអាមេរិកនឹងផ្តល់រង្វាន់ សម្រាប់អ្នកផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនបងប្អូនប្រុសពីរនាក់ ដែលត្រូវបានចោទប្រកាន់ថា នឹងក្លាយជាអ្នកបន្តវេនមេខ្លោងជួញដូរគ្រឿងញៀនរបស់ក្រុម Sinaloa Cartel នៅម៉ិកស៉ិក។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា អ្នកដែលផ្តល់ដំណឹងអំពីបុគ្គលឈ្មោះ René Arzate-García និងទទួលបានរង្វាន់ ៥លានដុល្លារ ហើយអ្នកផ្តល់ដំណឹងអំពីបុគ្គលឈ្មោះ Alfonso Arzate-García ក៏នឹងទទួលបានរង្វាន់ ៥លានដុល្លារដូចគ្នា សរុបទាំងពីរគឺ ១០លានដុល្លារ។
តាមរដ្ឋបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ហៅកាត់ថា DEA បងប្អូនប្រុសពីរនាក់ដែលត្រូវបានចោទប្រកាន់នេះ បានសហការគ្នាគ្រប់គ្រងតំបន់ Tijuana Plaza ឱ្យក្រុម Sinaloa Cartel អស់រយៈពេល ១៥ឆ្នាំ ដោយប្រើអំពើហិង្សា និងយកសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ និងឥទ្ធិពលក្នុងតំបន់ រួមទាំងអំពើពុករលួយផ្នែកនយោបាយ និងប៉ូលិស ធ្វើជាអំណាច។
DEA បានឱ្យដឹងទៀតថា បើទោះបីជាមានជម្លោះនឹងគ្នា ពួកគេនៅតែគ្រប់គ្រងច្រករត់ពន្ធគ្រឿងញៀន រួមទាំងការចរាចរណ៍ថ្នាំញៀនហ្វេតានីលខុសច្បាប់។ ក្រៅពីរងការចោទពីការរត់ពន្ធអាវុធចូលក្នុងសហគមន៍អាមេរិក Sinaloa Cartel ត្រូវបានរដ្ឋបាលលោក ត្រាំ ចាត់ថ្នាក់អង្គការភេរវករបរទេស (FTO)៕



