FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា កំពុងធ្វើតេស្តចុងក្រោយលើវ៉ាក់សាំងជំងឺគ្រុនឈាម ឈានទៅដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំក្រោយ (Video inside)

27-02-2026 16:13

(ញូវដេលី)៖ ជំងឺគ្រុនឈាម ដែលមានរោគសញ្ញាដូចគ្រុនផ្តាសាយធ្ងន់ធ្ងរ និងឈឺចាប់ក្នុងរាងកាយ បាននិងកំពុងផ្ទុះឡើងទូទាំងពិភពលោក ហើយគ្រាន់តែប្រទេសឥណ្ឌាមួយ មានការឆ្លងជាង ១លានករណី និងមានអ្នកស្លាប់យ៉ាងហោចណាស់ ១ ៥០០នាក់ចាប់តាំងពីឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦។

ការផ្ទុះជំងឺគ្រុនឈាមអំឡុងរដូវភ្លៀងមូសុងប្រចាំឆ្នាំ ធ្វើឱ្យមន្ទីរពេទ្យឥណ្ឌាពោរពេញទៅដោយអ្នកជំងឺ ហើយតំបន់ជនបទជួបបញ្ហាយឺតយាវក្នុងការធ្វើរោគវិនិច្ឆ័យ និងទទួលបានការថែទាំមិនសូវល្អ។ ដោយសង្ឃឹមថាអាចទប់ស្កាត់ការរាតត្បាតជាសកល ក្រុមហ៊ុន Panacea Biotec របស់ឥណ្ឌា កំពុងសាកល្បងវ៉ាក់សាំងជំងឺគ្រុនឈាម DengiAll ដំណាក់កាលចុងក្រោយ បន្ទាប់ពីស្រាវជ្រាវជិត ១៥ឆ្នាំ។

អ្នកស្ម័គ្រចិត្ដជាង ១០ ០០០នាក់នៅទូទាំងឥណ្ឌា បានចុះឈ្មោះចូលរួមការសិក្សា ដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ជាមួយការត្រៀមដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងនេះ នៅដើមឆ្នាំក្រោយ ប្រសិនបើលទ្ធផលធ្វើតេស្តអំណោយផល។ លោក Syed Khalid Ali ប្រធានផ្នែកវិទ្យាសាស្ត្រនៃ Panacea បានប្រាប់ AFP នៅក្នុងទីក្រុងញូវដេលីថា យើងនឹងព្យាយាមធ្វើឱ្យវ៉ាក់សាំងនេះ អាចប្រើប្រាស់បានជាផ្លូវការ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា យោងតាមអង្គការសុខភាពពិភពលោក (WHO) ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ឥឡូវនេះកំពុងស្ថិតក្នុងហានិភ័យនៃជំងឺគ្រុនឈាម ដោយមានការឆ្លងពី ១០០លាននាក់ទៅ ៤០០លាននាក់ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន WHO ណែនាំឱ្យប្រើប្រាស់វ៉ាក់សាំងជំងឺគ្រុនឈាមតែមួយប៉ុណ្ណោះ គឺ Qdenga ដែលផលិតដោយក្រុមហ៊ុនជប៉ុន Takeda សម្រាប់កុមារអាយុចាប់ពី៦ ដល់១៦ ក្នុងករណីមានអត្រាឆ្លងរាលដាលខ្ពស់៕