អ៉ីរ៉ង់ ទទូចឱ្យអាមេរិក ទម្លាក់ចោលការទាមទារហួសហេតុ ដើម្បីអាចឈានដល់កិច្ចព្រមព្រៀង (Video inside)
27-02-2026 15:33
(តេហេរ៉ង់)៖ នាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ដើម្បីអាចឈានដល់កិច្ចព្រមព្រៀង សហរដ្ឋអាមេរិកនឹងចាំបាច់ត្រូវតែទម្លាក់ចោល ការទាមទារជ្រុលហួសហេតុរបស់ខ្លួន បន្ទាប់ពីភាគីទាំងពីរបានបើកកិច្ចចរចាជុំថ្មី នៅទីក្រុងហ្សឺណែវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រមុខការទូតអេហ្ស៉ីប លោក Badr Abdelatty លោក Araghchi បានលើកឡើងយ៉ាងដូច្នេះថា «ជោគជ័យនៅក្នុងគន្លងផ្លូវនេះ តម្រូវឱ្យមានភាពស្មោះត្រង់ប្រាកដប្រជា និងភាពជាក់ស្តែងពីសំណាក់ភាគីម្ខាងទៀត រួមជាមួយការចៀសវាងការគណនាខុស និងការទាមទារហួសហេតុណាមួយ»។
លោក Araghchi មិនបានបកស្រាយឱ្យច្បាស់ថា តើលោកចង់សំដៅលើការទាមទារមួយណាឡើយ ប៉ុន្តែថ្មីៗនេះទីក្រុងវ៉ាស៉ីនតោន បានលើកឡើងអំពីកម្មវិធីមីស៉ីលបាលិស្ទីគរបស់អ៉ីរ៉ង់ ហើយបានព្រមានជាច្រើនលើកច្រើនសាថា សមត្ថភាពផលិតអ៊ុយរ៉ាញ៉ូមរបស់ទីក្រុងតេហេរ៉ង់ គឺជាបន្ទាត់ក្រហម។
កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងតេហរ៉ង់ បានអភិវឌ្ឍរួចជាស្រេច នូវមីស៉ីលដែលអាចគំរាមកំហែងអឺរ៉ុប និងមូលដ្ឋានអាមេរិកនៅក្រៅប្រទេស ហើយកំពុងតែធ្វើការដើម្បីផលិតមីស៉ីល ដែលក្នុងពេលឆាប់ៗ នឹងអាចបាញ់ដល់សហរដ្ឋអាមេរិកតែម្តងថែមទៀត។ ដោយឡែក អ៉ីរ៉ង់បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្មវិធីមីស៉ីលគឺជាផ្នែកនៃសមត្ថភាពការពារជាតិរបស់ខ្លួន ហើយបានច្រានចោលលទ្ធភាពនៃការបោះបង់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូម ដោយទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែបម្រើគោលដៅមិនមែនយោធាប៉ុណ្ណោះ។
គួរបញ្ជាក់ថា អ៉ីរ៉ង់និងអាមេរិក បានបើកកិច្ចចរចានុយក្លេអ៊ែរមិនដោយផ្ទាល់ជុំទី៣ ដែលសម្របសម្រួលដោយអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ នៅឯទីក្រុងហ្សឺណែវប្រទេសស្វ៉ីស ដើម្បីព្យាយាមបញ្ចៀសការផ្ទុះជម្លោះយោធា ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន បានបង្កើនកម្លាំងយោធានៅមជ្ឈិមបូព៌ា ហើយលោក ត្រាំ បានគំរាមថា នឹងវាយប្រហារអ៉ីរ៉ង់ ប្រសិនបើកិច្ចចរចាបរាជ័យ។ អ៉ីរ៉ង់និងអូម៉ង់ បានអះអាងពីភាពរីកចម្រើនក្រោយកិច្ចចរចាជុំថ្មី ខណៈការពិភាក្សាបច្ចេកទេស ត្រូវបានគ្រោងធ្វើឡើង នាថ្ងៃចន្ទសប្តាហ៍ក្រោយ នៅទីក្រុងវីយែននៃប្រទេសអូទ្រីស មុនកិច្ចចរចាជុំទី៤ ដែលត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅនាសប្តាហ៍ក្រោយ៕




