FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្វីលីពីនធ្វើសមយុទ្ធរួមគ្នាជាមួយអាមេរិកនិងជប៉ុន នៅសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រក្បែរកោះតៃវ៉ាន់ (Video inside)

27-02-2026 14:27

(ម៉ានីល)៖ មន្រ្តីហ្វីលីពីនបានឱ្យដឹងថា យោធាហ្វីលីពីន សហរដ្ឋអាមេរិក និងជប៉ុន ក្នុងសប្តាហ៍នេះ បានរួមគ្នាធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង រួមទាំងច្រកសមុទ្រ Bashi ដែលស្ថិតនៅចន្លោះប្រទេសហ្វីលីពីន ហើយនិងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

កងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាថ្ងៃសុក្រនេះ បានឱ្យដឹងថា ប្រទេសទាំង៣ បានធ្វើសមយុទ្ធខាងលើ ក្នុងគោលដៅបង្កើនសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា និងពង្រឹងសន្តិសុខដែនសមុទ្រ។ ហ្វីលីពីនបានដាក់ពង្រាយនាវាចម្បាំង Antonio Luna ព្រមទាំងឧទ្ធម្ភាគចក្រនិងយន្តហោះចម្បាំង ដើម្បីចូលរួមសមយុទ្ធនេះ ចំណែកជប៉ុនបានដាក់ពង្រាយ​យន្តហោះ P-3 Orion ខណៈសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង USS Dewey និងយន្តហោះឈ្លបការណ៍ Poseidon។

ថ្មីៗកន្លងទៅនេះ ហ្វីលីពីនក៏បានធ្វើសមយុទ្ធស្រដៀងគ្នាដែរ ជាមួយអាមេរិកនិងអូស្រ្តាលី នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកុម្ភៈ។ សម្រាប់សមយុទ្ធ​សប្តាហ៍នេះ ដែលមានរយៈពេល៦ថ្ងៃ ដោយបានបិទបញ្ចប់ទៅវិញកាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកដំបូងដែលវាត្រូវបាន​ពង្រីកហួសពីតំបន់សមុទ្រចិនខាងត្បូង ជាទីដែលហ្វីលីពីននិងចិនបានប្រឈមមុខដាក់គ្នាជាញឹកញាប់ ជុំវិញបញ្ហាជម្លោះទឹកដី។

គួរបញ្ជាក់ថា នាថ្ងៃសុក្រនេះ យោធាចិនបានបញ្ចេញប្រតិកម្មមិនពេញចិត្តជាខ្លាំង ចំពោះសមយុទ្ធរវាងប្រទេសទាំង៣។ យោធាចិន បានចោទថា ហ្វីលីពីនបាននាំប្រទេសដទៃ ដែលនៅក្រៅតំបន់ មករៀបចំធ្វើប្រតិបត្តិការល្បាតរួម ដែលបង្កការរំខានចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កាលពីខែវិច្ឆិកា ឆ្នាំមុន នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានធ្វើឱ្យទំនាក់ទំនងជាមួយ​ទីក្រុងប៉េកាំង ធ្លាប់ដុនដាបយ៉ាងខ្លាំង តាមរយៈការលើកឡើងថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនវាយប្រហារ​លើកោះតៃវ៉ាន់៕