FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនលុបឈ្មោះឧត្តមសេនីយ៍យោធា៩រូប ចេញពីបញ្ជីសមាជិកសភា មុនការបើកមហាសន្និបាតប្រចាំឆ្នាំ (Video inside)

27-02-2026 13:55

(ប៉េកាំង)៖ ចិនបានប្រកាសពីការលុបចោលឈ្មោះមន្រ្តីសរុបចំនួន១៩រូប ក្នុងនោះមាន៩រូប គឺជាឧត្តមសេនីយ៍នៅក្នុងជួរយោធា ចេញបញ្ជីសមាជិកសភា មុនពេលមហាសន្និបាតនយោបាយប្រចាំឆ្នាំធំបំផុតរបស់ខ្លួន ត្រូវរៀបចំឡើងនាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ដំណឹងខាងលើត្រូវបានប្រកាសដោយគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន។ ក្នុងសេចក្តីប្រកាសនោះ ពុំមានការផ្តល់មូលហេតុផ្លូវការនៅពីក្រោយ​ការលុបឈ្មោះមន្រ្តីទាំងនេះទេ ប៉ុន្តែវាកើតមានឡើងត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី លោក ស៉ី ជីនពីង បានដកតំណែងឧត្តមសេនីយ៍ Zhong Youxia ដែលជាមេទ័ពជាន់ខ្ពស់បំផុតរបស់លោក ហើយក៏ជាសម្ព័ន្ធមិត្តយោធាជិតស្និទ្ធបំផុត​ម្នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសខាងលើ មន្រ្តីយោធាទាំង៩រូប ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីសមាជិកសភា រួមមាននាយឧត្តមសេនីយ៍ Li Qiaoming ដែលជាមេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមនាវី Shen Jinlong ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹក។ ក្រៅពីនេះ នៅមាននាយឧត្តមសេនីយ៍ និងនាយឧត្តមនាវី៣នាក់ទៀត ដែលជាអតីតមន្រ្តីនយោបាយ និងមន្រ្តីនយោបាយបច្ចុប្បន្ន ប្រចាំនៅកងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងគាំទ្រព័ត៌មាន។ មិនតែប៉ុណ្ណោះ ឧត្តមសេនីយ៍ឯកម្នាក់និងឧត្តមសេនីយ៍ទោ៣នាក់ ក៏ត្រូវបានលុបឈ្មោះពីបញ្ជីសមាជិកសភាដូចគ្នាផងដែរ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងកំពុងត្រៀមខ្លួនសម្រាប់មហាសន្និបាតនយោបាយប្រចាំឆ្នាំធំបំផុតរបស់ខ្លួន ដែលនឹងប្រារព្ធឡើង​នៅថ្ងៃទី៤ ខែមីនា ខាងមុខនេះ ហើយប្រព្រឹត្តទៅដល់ថ្ងៃទី១១។ អំឡុងមហាសន្និបាតនោះ ហៅថាមហាសន្និបាតសភាទាំងពីរ ឬ Two Sessions ដែលរួមមាន​សភាតំណាងប្រជាជន និងសភាប្រឹក្សានយោបាយ ផែនការ​គោលនយោបាយរបស់ប្រទេសចិន ពាក់ព័ន្ធទៅនឹងយោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការទូត នឹងត្រូវប្រកាសចេញ៕