FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន នឹងទទួលបានកម្ចីចំនួន ៨.១ពាន់លានដុល្លារពី IMF (Video inside)

27-02-2026 11:53

(កៀវ)៖ ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តកិច្ចព្រមព្រៀងផ្តល់កម្ចីចំនួន ៨.១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដោយថវិកាប្រហែល ១.៥ពាន់លានដុល្លារ នឹងអាចយកទៅប្រើប្រាស់បានភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦។

កម្ចីរយៈពេល ៤៨ខែ ត្រូវបានគេរំពឹងថានឹងអាចជួយដល់ទីក្រុងកៀវ ខណៈសង្រ្គាមជាមួយរុស្ស៉ីចូលដល់ឆ្នាំទី៥។ IMF បានឱ្យដឹងថាគោលដៅរួមនៃកម្មវិធីថ្មីរបស់អ៊ុយក្រែន គឺបន្តស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សងបំណុល និងធ្វើកំណែទម្រង់ឱ្យបានលឿន ដែលអាចជួយដល់ការស្តារឡើងវិញក្រោយសង្គ្រាម ព្រមទាំងគោលបំណងចូលជាសមាជិកសហភាពអឺរ៉ុប។

ប្រធានផ្នែកគ្រប់គ្រងរបស់ IMF លោកស្រី Kristalina Georgieva គូសបញ្ជាក់ថា «អ៊ុយក្រែន និងប្រជាជនរបស់ខ្លួនឆ្លងកាត់សង្រ្គាមដ៏រ៉ាំរ៉ៃ និងបំផ្លិចបំផ្លាញជាង ៤ឆ្នាំ តែមានភាពធន់គួរឱ្យកត់សម្គាល់»។ តាមនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko «ថវិកាដំបូងនៃកម្ចីនេះ នឹងយកទៅដោះស្រាយបញ្ហាឱនភាពថវិកា»។

គួរបញ្ជាក់ថា IMF បានជួយជាថវិកាជាង ១០ពាន់លានដុល្លារហើយសម្រាប់អ៊ុយក្រែន ក្រៅពីកម្ចី ៨.១ពាន់លានដុល្លារនេះ គិតចាប់តាំងពីសង្គ្រាមផ្ទុះឡើង៕