រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន ប្រកាសសង្រ្គាមបើកចំហប្រឆាំងនឹងតាលីបង់អាហ្វហ្កានីស្ថាន (Video inside)
27-02-2026 10:11
(អ៉ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសសង្រ្គាមដោយបើកចំហប្រឆាំងនឹងរដ្ឋាភិបាលតាលីបង់អាហ្វហ្កានីស្ថាន បន្ទាប់ពីជម្លោះព្រំដែនរវាងប្រទេសទាំង២ផ្ទុះឡើងជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កងកម្លាំងអាហ្វហ្កានីស្ថានបានបើកការវាយប្រហារលើប៉ុស្តិ៍ព្រំដែនរបស់កងទ័ពប៉ាគីស្ថានកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងអ្វីដែលរដ្ឋាភិបាលតាលីបង់និយាយថាជាការសងសឹក ទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថាន។ នៅថ្ងៃសុក្រនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បានឱ្យដឹងថាកងទ័ពប៉ាគីស្ថាន បានវាយប្រហារតាមផ្លូវអាកាស ដោយកំណត់គោលដៅលើខ្សែការពាររបស់រដ្ឋាភិបាលតាលីបង់ នៅក្នុងទីក្រុងកាប៊ុល ខេត្ត Paktia និងទីក្រុង Kandahar។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានប្រកាសពីសង្រ្គាមបើកចំហប្រឆាំងនឹងរដ្ឋាភិបាលលីបង់តែម្ដង។ «ការអត់ធ្មត់ របស់យើងបានឈានដល់ដែនកំណត់។ ឥលូវនេះវាជាសង្រ្គាមបើកចំហរវាងយើង និងអ្នក»។ នេះជាការលើកឡើងប្រមុខការពារជាតិប៉ាគីស្ថាន ក្នុងការបង្ហោះមួយ លើបណ្ដាញទំនាក់ទំនងសង្គម X។
គួរបញ្ជាក់ថា យោធានៃប្រទេសទាំង២ បានអះអាងរៀងៗខ្លួនថាពួកគេបានកម្ទេច និងដណ្ដើមគ្រប់គ្រងប៉ុស្តិ៍យាមជាច្រើននៅតាមបណ្ដោយព្រំដែន ក៏ដូចជាសម្លាប់ទាហានរបស់ភាគីម្ខាងៗ ជាច្រើនសិបនាក់។ ទំនាក់ទំនងរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានធ្លាក់ដុនដាបខ្លាំងកាលពីប៉ុន្មានខែថ្មីៗនេះ ក្នុងនោះជម្លោះព្រំដែនកាលពីខែតុលា ឆ្នាំ២០២៥ បានបណ្ដាលឱ្យមនុស្ស ៧០នាក់ស្លាប់នៃភាគីទាំងសងខាង។ ទីក្រុងអ៉ីស្លាម៉ាបាដ បានចោទប្រកាន់អាហ្វហ្កានីស្ថានថាបានបរាជ័យក្នុងការធ្វើសកម្មភាពប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលតែងតែធ្វើសកម្មភាពវាយប្រហារក្នុងទឹកដីប៉ាគីស្ថាន ជាការចោទប្រកាន់មួយត្រូវបានរដ្ឋាភិបាលតាលីបង់បដិសេធ។
កិច្ចចរចាជាច្រើនជុំកន្លងមកនេះក៏បានធ្វើឡើងផងដែរ បន្ទាប់ពីមានបទឈប់បាញ់មួយសម្របសម្រួលដោយកាតា និងតួកគី ប៉ុន្តែកិច្ចប្រឹងប្រែងការទូតមិនអាចសម្រេចបានកិច្ចព្រមព្រៀងមួយយូរអង្វែងនៅឡើយទេ៕



