FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចចរចាអាមេរិក-អ៉ីរ៉ង់ បិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង តែមានសញ្ញានៃភាពរីកចម្រើន (Video inside)

27-02-2026 09:35

(ហ្សឺណែវ)៖ ប្រទេសអូម៉ង់ដែលជាអ្នកសម្របសម្រួល បានឱ្យដឹងថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានបង្កើតភាពរីកចម្រើននៅក្នុងកិច្ចចរចានៅទីក្រុងហ្សឺណែវ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ តេហេរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុន្តែកិច្ចចរចាចាយពេលជាច្រើនម៉ោងបានបិទបញ្ចប់ទៅដោយមិនមានកិច្ចព្រមព្រៀង ឬសញ្ញានៃការបំបែកភាពជាប់គាំងដើម្បី បញ្ចៀសការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Sayyid Badr Albusaidi ជារដ្ឋមន្ត្រីការបរទេសអូម៉ង់ បានសរសេរក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាភាគីទាំង២ មានផែនការបើកកិច្ចចរចាបន្ថែមទៀត ក្នុងពេលឆាប់ៗ បន្ទាប់ពីការពិគ្រោះយោបល់ ហើយកិច្ចពិភាក្សាកម្រិតបច្ចេកទេសគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បានប្រាប់ Reuters កាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់អាចឈានដល់ក្របខណ្ឌការងារមួយសម្រាប់កិច្ចព្រមព្រៀងមួយ ប្រសិនបើ ទីក្រុងវ៉ាស៊ីនតោនបែងចែកដាច់ដោយឡែកពីគ្នារវាងបញ្ហានុយក្លេអ៊ែរ និងបញ្ហាមិនមែននុយក្លេអ៊ែរ។ ប៉ុន្តែរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែទទូចចង់ឱ្យកម្មវីមីស៊ីល បាលិស្ទីគ និងការគាំទ្ររបស់អ៉ីរ៉ង់ចំពោះចលនាប្រដាប់អាវុធក្នុងតំបន់មជ្ឈិមបូព៌ា ក្លាយជាផ្នែកមួយនៃកិច្ចចរចាផងដែរ៕