ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ផ្ទុះអាវុធនឹងគ្នាសាជាថ្មី ក្រោយមានអរិភាពជាច្រើនថ្ងៃ (Video inside)
27-02-2026 08:53
(អ៉ីស្លាម៉ាបាដ)៖ ប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកាប៊ុល និងទីក្រុង Kandahar របស់អាហ្វហ្កានីស្ថាន នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងអាហ្វហ្កានីស្ថានបានវាយប្រហារលើកងកម្លាំងព្រំដែនប៉ាគីស្ថាន នៅក្នុងអ្វីដែលរដ្ឋាភិបាលតាលីបង់និយាយថាជាការសងសឹកទៅនឹងការវាយប្រហារ តាមផ្លូវអាកាសរបស់ប៉ាគីស្ថានកាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
យោធានៃប្រទេសទាំង២ បានអះអាងរៀងៗខ្លួនថាពួកគេបានកម្ទេច និងដណ្ដើមគ្រប់គ្រងប៉ុស្តិ៍យាមជាច្រើននៅតាមបណ្ដោយព្រំដែន។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បានឱ្យដឹងថាកងទ័ពប៉ាគីស្ថានបានវាយប្រហារតាមផ្លូវអាកាសដោយកំណត់គោលដៅលើខ្សែការពាររបស់រដ្ឋាភិបាល តាលីបង់ នៅក្នុងទីក្រុងកាប៊ុល ខេត្ត Paktia និងទីក្រុង Kandahar។
នៅក្នុងទីក្រុងកាប៊ុលផងដែរ អ្នកសារព័ត៌មាន AFP បានឮសូរសំឡេងយន្ដហោះចម្បាំង និងស្នូរផ្ទុះជាច្រើនគ្រាប់ ព្រមទាំងស្នូរកាំភ្លើងបាញ់ប្រហារគ្នាមានរយៈពេលជាង ២ម៉ោង។ មិនតែប៉ុណ្ណោះ គេក៏ឮសូរសំឡេងយន្ដហោះចម្បាំងហោះពីលើទីក្រុង Kandahar ស្ថិតនៅភាគខាងត្បូងនៃប្រទេសអាហ្វហ្កានីស្ថានដែលជាមូលដ្ឋានរបស់មេដឹកនាំ កំពូលតាលីបង់ លោក Hibatullah Akhundzada។ ខាងរដ្ឋាភិបាលតាលីបង់បានទទួលស្គាល់ការវាយប្រហាររបស់ប៉ាគីស្ថាន តែបញ្ជាក់ថាមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួស នោះទេ។
គួរបញ្ជាក់ថា ខាងយោធាអាហ្វហ្កានីស្ថានបានអះអាងថាទាហានប៉ាគីស្ថាន១០នាក់ ត្រូវបានសម្លាប់ និងប៉ុស្តិ៍ព្រំដែនចំនួន១៣ត្រូវបានរឹបអូសក្នុងការវាយប្រហារកាលពី ថ្ងៃព្រហស្បតិ៍ ដែលតាលីបង់និយាយថាធ្វើឡើងជាការសងសឹកទៅនឹងការវាយប្រហាររបស់ប៉ាគីស្ថាននៅតាមបណ្ដោយព្រំដែនអាហ្វហ្កានីស្ថានកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ប៉ាគីស្ថានវិញ បាននិយាយថាខ្លួនបានសម្លាប់អ្នកប្រយុទ្ធតាលីបង់យ៉ាងហោច ៧០នាក់ ក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ។ ការអះអាងរបស់ភាគីទាំងសងខាងមិនទាន់អាចត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ៕
