អាជ្ញាធររុស្ស៊ី គ្រោងបិទកម្មវិធីផ្ញើសារ Telegram នៅដើមខែមេសាខាងមុខ (Video inside)
26-02-2026 22:51
(មូស្គូ)៖ សារព័ត៌មានរុស្ស៊ី RBC នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ បានរាយការណ៍ថា អាជ្ញាធររុស្ស៊ីបានកំណត់ពេលវេលារួចរាល់ហើយ ក្នុងការបិទកម្មវិធីផ្ញើសារ Telegram ដោយចំណាត់ការនេះអាចនឹងចាប់ផ្តើមអនុវត្តនៅដើមខែមេសាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
Telegram គឺជាប្រព័ន្ធទំនាក់ទំនងដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែអាជ្ញាធរបានចោទប្រកាន់កម្មវិធីនេះថា បានបណ្តែតបណ្តោយឱ្យមានការផ្សព្វផ្សាយខ្លឹមសារខុសច្បាប់ និងជ្រុលនិយមជាដើម។ ជាការឆ្លើយតប តំណាងក្រុមហ៊ុន Telegram បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា គោលបំណងពិតប្រាកដរបស់រដ្ឋាភិបាលរុស្ស៊ី គឺចង់គាបសង្កត់ដើម្បីបង្ខំឱ្យប្រជាពលរដ្ឋ ងាកទៅប្រើប្រាស់កម្មវិធីផ្ញើសារថ្មីមួយគ្រប់គ្រងដោយរដ្ឋ ដែលមានឈ្មោះថា «MAX» ទៅវិញទេ។
គួរបញ្ជាក់ថា យោងតាមសារព័ត៌មាន RBC ចាប់ពីខែមេសាទៅ កម្មវិធី Telegram នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែនៅតំបន់ជួរមុខ នៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះ។ ប្រភពយោធា និងអ្នកសារព័ត៌មានសង្គ្រាមបានទម្លាយថា កងទ័ពរុស្ស៊ីពឹងផ្អែកយ៉ាងខ្លាំងលើកម្មវិធីផ្ញើសារមួយនេះ មិនត្រឹមតែសម្រាប់ទាក់ទងជាមួយក្រុមគ្រួសារនៅឯស្រុកកំណើតប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានប្រើប្រាស់យ៉ាងសកម្ម ដើម្បីបម្រើដល់ប្រតិបត្តិការយោធាផងដែរ៕
