FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកចាប់ខ្លួនអតីតពីឡុតយន្តហោះចម្បាំងម្នាក់ ពីបទផ្តល់ការបណ្តុះបណ្តាលដល់យោធាចិន (Video inside)

26-02-2026 16:10

(វ៉ាស៉ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសពីការចាប់ខ្លួនអតីតអ្នកបើកយន្តហោះចម្បាំងរបស់កងទ័ពអាកាសមួយរូប ក្រោមការចោទប្រកាន់ថា អាកាសយានិកម្នាក់នោះ បានផ្តល់ការបណ្តុះបណ្តាលដល់យោធាចិន ដោយគ្មានការអនុញ្ញាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងយុត្តិធម៌អាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Gerald Brown អាយុ៦៥ឆ្នាំ ត្រូវបានចាប់ខ្លួននៅរដ្ឋ Indiana កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយទើបត្រឡប់មកពីប្រទេសចិន ជាទីដែលរូបលោកបានស្ថិតនៅតាំងពីខែធ្នូ ឆ្នាំ២០២៣។ លោក Brown រងការចោទប្រកាន់ពីបទគប់គិតជាមួយជនជាតិបរទេស ក្នុងការផ្តល់ការបណ្តុះបណ្តាលស្តីពីយន្តហោះចម្បាំង ​ដល់អាកាសយានិកនៃកងទ័ពអាកាសរបស់ប្រទេសចិន ដោយពុំមានអាជ្ញាបណ្ណចាំបាច់ពីក្រសួងការបរទេសអាមេរិក។

គួរបញ្ជាក់ថា លោក Gerald Brown បានបំពេញអាជីពក្នុងជួរកងទ័ពអាកាសអាមេរិក អស់រយៈពេល២៤ឆ្នាំ។ អំឡុងពេលនោះ រូបលោកធ្លាប់បញ្ជាអង្គភាពសំខាន់ៗ ដែលមានការទទួលខុសត្រូវពាក់ព័ន្ធអាវុធនុយក្លេអ៊ែរ ធ្លាប់ដឹកនាំបេសកកម្មប្រយុទ្ធដោយផ្ទាល់ ហើយ​ធ្លាប់បម្រើជាគ្រូបង្រៀនបើកយន្តហោះ ពាក់ព័ន្ធយន្តហោះចម្បាំងចម្រុះប្រភេទ។ លោក Brown បានចូលនិវត្តន៍ពីយោធា កាលពី​ឆ្នាំ១៩៩៦ ហើយបានធ្វើការជាអ្នកបើកយន្តហោះដឹកទំនិញ។ ប៉ុន្តែក្រោយមក លោកបានចាប់ផ្តើមតួនាទីជា អ្នកទទួលកិច្ចសន្យា​បង្ហាត់អាកាសយានិកអាមេរិក បើកយន្តហោះចម្បាំង A-10 និង F-35៕