FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីចោទសួរថាក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ នឹងធ្វើការជាមួយក្រុមប្រឹក្សាសន្តិសុខ UN ដោយរបៀបណា (Video inside)

26-02-2026 15:25

(មូស្គូ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ រុស្ស៉ីបានសួរថាតើក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើការដោយរបៀបណា ជាមួយក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ (UN) ដែលបានដើរតួនាទីជាស្ថាប័នរក្សាសន្តិសុខ​និងសន្តិភាពរបស់អន្តរជាតិ ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ដំបូងឡើយ លោក ត្រាំ បានស្នើបង្កើតក្រុមប្រឹក្សាខាងលើឡើង កាលពីខែកញ្ញា ឆ្នាំ២០២៥ នៅពេលដែលលោកបញ្ចេញផែនការ ដើម្បីបញ្ចប់សង្រ្គាមរបស់អ៉ីស្រាអែល នៅដែនដីប៉ាឡេស្ទីនហ្កាហ្សា។ ប៉ុន្តែក្រោយមក លោកបាននិយាយថា តួនាទីរបស់ក្រុមប្រឹក្សានេះ នឹងត្រូវពង្រីកទៅដោះស្រាយជម្លោះដទៃទៀត នៅជុំវិញពិភពលោក ខណៈជាយូរមកហើយ កិច្ចប្រឹងប្រែងបែបនេះ គឺជាការទទួលខុសត្រូវរបស់ UN។ សហរដ្ឋអាមេរិក គឺជាសមាជិកអចិន្រ្តៃយ៍តែមួយគត់នៃក្រុមប្រឹក្សាសន្តិសុខ UN ដែលជាសមាជិកក្នុងក្រុមប្រឹក្សាសន្តិភាព។ សមាជិកដទៃទៀតនៃក្រុមប្រឹក្សាសន្តិសុខ UN រួមមានរុស្ស៉ី ចិន ចក្រភពអង់គ្លេស និងបារាំង។

លោក Kirill Logvinov ប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព កំណត់ខ្លួនជាស្ថាប័នអន្តរជាតិថ្មីមួយ រចនាឡើងដើម្បីជំនួសយន្តការចាស់ៗ ដែលហាក់លែងមាន​ប្រសិទ្ធិភាពតទៅទៀត។ លោក Logvinov បានបន្តថា ក្នុងកាតព្វកិច្ចរបស់ក្រុមប្រឹក្សាសន្តិភាព គឺពុំមានលើកឡើងអំពីហ្កាហ្សាទេ។

មន្រ្តីរុស្ស៉ីរូបនេះបានបន្ថែមដូច្នេះថា «វាច្បាស់ណាស់ថា លក្ខណៈបែបនេះគឺបង្កឱ្យមានសំណួរថា តើក្រុមប្រឹក្សាសន្តិភាព នឹងធ្វើការទន្ទឹមគ្នាយ៉ាងដូចម្តេចជាមួយអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខរបស់ UN ដែលជាស្ថាប័នត្រូវបានទទួល​ស្គាល់ជាសកល សម្រាប់កិច្ចការរក្សាសន្តិភាពនិងសន្តិសុខរបស់អន្តរជាតិ»។ លោក Logvinov ក៏បានលើកឡើងជាថ្មីផងដែរ នូវការសង្កេតឃើញរបស់រុស្ស៉ី ចំពោះការដែលអគ្គលេខាធិការ UN លោក Antonio Guterres មិនត្រូវបានអញ្ជើញឱ្យចូលរួម​ក្នុងក្រុមប្រឹក្សាសន្តិភាពឡើយ មកទល់ពេលនេះ។

គួរបញ្ជាក់ថា ធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព និយាយថា ខ្លួននឹងដើរតួនាទីជួយកសាងសន្តិភាព ដោយស្របទៅតាមច្បាប់អន្តរជាតិ។ លោក ត្រាំ ដែលជាប្រធានក្រុមប្រឹក្សានេះ នឹងមានអំណាចប្រតិបត្តិទូលំទូលាយ ក្នុងនោះរួមបញ្ចូលទាំងសមត្ថភាពវ៉េតូការសម្រេចចិត្ត ក៏ដូចជាបណ្តេញសមាជិក ហើយស្ថិតក្រោមការរឹតត្បិតតិចតួច។ ដោយឡែក បើតាម UN ការទទួលខុសត្រូវចម្បងរបស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺរក្សាការពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ដោយកិច្ចប្រជុំដំបូងបំផុត ត្រូវបានធ្វើឡើង​នៅទីក្រុងឡុងដ៍កាលពីឆ្នាំ១៩៤៦ ប៉ុន្តែមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក៕