FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការ CPJ៖ អ្នកកាសែត និងអ្នកធ្វើការប្រព័ន្ធផ្សព្វផ្សាយ ១២៩នាក់ ត្រូវបានសម្លាប់ កាលពីឆ្នាំមុន (Video inside)

26-02-2026 15:02

(ញូវយ៉ក)៖ Committee to Protect Journalists (CPJ) ដែលជាអង្គការមួយមានមូលដ្ឋានក្នុងទីក្រុងញូវយ៉ក បានឱ្យដឹងថា អ្នកកាសែត និងអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយចំនួន ១២៩នាក់ត្រូវបានសម្លាប់ អំឡុងពេលកំពុងបំពេញការងារ នៅឆ្នាំ ២០២៥ ដោយពីរភាគបីនៃពួកគេត្រូវបានសម្លាប់ដោយអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៦។

របាយការណ៍ប្រចាំឆ្នាំរបស់ CPJ បានលើកឡើងថា វាគឺជាឆ្នាំទីពីរជាប់ៗគ្នា ដែលការសម្លាប់អ្នកសារព័ត៌មាន បានបង្កើតកំណត់ត្រា។ ការបាញ់ប្រហាររបស់អ៉ីស្រាអែល បានសម្លាប់អ្នកកាសែត ៨៦នាក់ក្នុងឆ្នាំ ២០២៥ ភាគច្រើនជាជនជាតិប៉ាឡេស្ទីននៅហ្កាហ្សា ប៉ុន្តែក៏រួមបញ្ចូលទាំងកម្មករចំនួន ៣១នាក់ផងដែរ ក្នុងការវាយប្រហារលើមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយហ៊ូទីនៅប្រទេសយេម៉ែន។

CPJ បញ្ជាក់ថា អ៉ីស្រាអែលទទួលបន្ទុក ៨១ភាគរយនៃការសម្លាប់មនុស្ស ៤៧នាក់ ដែល CPJ ចាត់ថ្នាក់ថាជាការកំណត់គោលដៅដោយចេតនា ឬឃាតកម្ម ហើយតួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះ ប៉ុន្តែការចូលទៅផ្ទៀងផ្ទាត់ក្នុងតំបន់ហ្កាហ្សាជួបការលំបាក ដោយសារតែការរឹតបន្តឹងរបស់អ៉ីស្រាអែល។

យោធាអ៉ីស្រាអែលនិយាយថា កងទ័ពរបស់ខ្លួននៅហ្កាហ្សា គឺផ្តោតតែលើក្រុមអ្នកប្រយុទ្ធប៉ុណ្ណោះ ប៉ុន្តែប្រតិបត្តិការក្នុងតំបន់ប្រយុទ្ធពិតជាមានហានិភ័យ។ នៅឯយេម៉ែន អ៉ីស្រាអែលទទួលស្គាល់ថា មានការកំណត់គោលដៅលើ មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយក្នុងខែកញ្ញា ដោយកាលនោះពណ៌នាថាវាជាសាខាកន្លែងឃោសនារបស់ក្រុមហ៊ូទី៕