FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អត្រាកំណើតនៅប្រទេសជប៉ុន បន្តធ្លាក់ចុះរយៈពេល១០ឆ្នាំជាប់គ្នា (Video inside)

26-02-2026 14:44

(តូក្យូ)៖ នាថ្ងៃព្រហស្បតិ៍នេះ ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាកំណើតនៅក្នុងប្រទេសជប៉ុន បានបន្តធ្លាក់ចុះកាលពីឆ្នាំ២០២៥ ដែលមានន័យថា រយៈពេល១០ឆ្នាំជាប់គ្នាមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ទិន្នន័យពីក្រសួងសុខាភិបាលជប៉ុន បានបង្ហាញថា កាលពីក្នុងឆ្នាំ២០២៥ ទារកសរុប៧០៥ ៨០៩នាក់ បានកើតនៅជប៉ុន ដែលជាការថយ​២.១ភាគរយ ធៀបទៅនឹងឆ្នាំ២០២៤។ ទិន្នន័យនេះ រាប់បញ្ចូលទាំងទារកសម្រាលដោយជនជាតិជប៉ុន នៅក្នុងប្រទេសជប៉ុន ទារកសម្រាលដោយជនបរទេសនៅជប៉ុន និងទារកសម្រាលដោយជនជាតិជប៉ុន រស់នៅក្រៅប្រទេស។

ជប៉ុនដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤នៅលើពិភពលោក គឺជាប្រទេសដែលមានអត្រាកំណើតដ៏ទាបបំផុតមួយ ហើយចំនួនប្រជាជនសរុប កំពុងតែរួញថយ។ ប្រការនេះបាននិងកំពុងនាំឱ្យមាន បញ្ហាយ៉ាងច្រើនរួចជាស្រេច ដូចជាការខ្វះខាតកម្លាំងពលកម្ម ការរីកធំឡើងខ្លាំង​​នៃការចំណាយលើកម្មវិធីរបបសន្តិសុខសង្គម ហើយចំនួនអ្នកបំពេញការងារ ដើម្បីបង់ពន្ធកាន់តែតិចទៅៗ។

គួរបញ្ជាក់ថា មេដឹកនាំជប៉ុនជាបន្តបន្ទាប់ រួមទាំងនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោកស្រី Sanae Takaichi បានសន្យាជំរុញឱ្យ​អត្រាកំណើតងើបឡើងវិញ ប៉ុន្តែទទួលបានលទ្ធផលតិចតួច។ កាលពីសប្តាហ៍មុន លោកស្រី Takaichi បានថ្លែងប្រាប់សភាជប៉ុនថា ការធ្លាក់ចុះនៃអត្រាកំណើត និងការរួញថយនៃចំនួនប្រជាជន គឺជាភាពអាសន្នថ្នាក់ជាតិលាក់មុខមួយ ដែលនឹងបំផ្លាញភាពក្លៀវក្លា​របស់ប្រទេសជប៉ុនបន្តិចម្តងៗ៕