អាមេរិកដាក់សម្ពាធលើកម្មវិធីមីស៉ីល ខណៈកិច្ចចរចាជុំថ្មីជាមួយអ៉ីរ៉ង់ នឹងប្រព្រឹត្តទៅក្នុងទីក្រុងហ្សឺណែវ
26-02-2026 11:47
(ហ្សឺណែវ)៖ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ គ្រោងបើកកិច្ចចរចាដោយប្រយោលនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយសំដៅទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើង និងបិទបញ្ចប់ការសម្លុតគំរាមគ្នាទៅវិញទៅមកជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កិច្ចចរចាជុំថ្មីនៅទីក្រុងហ្សឺណែវ កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បង្កើនវត្តមានយោធាយ៉ាងសម្បើមនៅក្នុងតំបន់ ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាម ម្ដងហើយម្ដងទៀតថាវាយប្រហារលើអ៉ីរ៉ង់ ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងទេនោះ។
នៅក្នុងសុន្ទរកថាស្ដីពីស្ថានភាពសហព័ន្ធទៅកាន់សភាអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ត្រាំ បានចោទប្រកាន់អ៉ីរ៉ង់ថាមានមហិច្ឆតានុយក្លេអ៊ែរទុច្ចរិត។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងតេហេរ៉ង់ បានអភិវឌ្ឍមីស៉ីលឈានដល់កម្រិតដែលអាចគំរាមកំហែងចំពោះអឺរ៉ុប និងមូលដ្ឋានអាមេរិកនៅក្រៅប្រទេស ហើយពួកគេ (អ៉ីរ៉ង់) ក៏កំពុងធ្វើការដើម្បីផលិតមីស៉ីលដែលអាចបាញ់ជិតដល់អាមេរិកផងដែរ»។
ក្រសួងការរបរទេសអ៉ីរ៉ង់ បានចាត់ទុកសុន្ទរកថារបស់លោក ត្រាំ ថាជាការទម្លាក់កំហុស។ បើតាមទីក្រុងតេហេរ៉ង់ ចម្ងាយអតិបរមានៃមីស៉ីលអ៉ីរ៉ង់គឺ ២ ០០០គីឡូម៉ែត្រ។ យ៉ាងនេះក្តី សេវាស្រាវជ្រាវនៃសភាអាមេរិកប៉ាន់ប្រមាណថា មីស៉ីលអ៉ីរ៉ង់មានចម្ងាយអតិបរមាប្រហែល ៣ ០០០គីឡូម៉ែត្រ ដែលតិចជាងមួយភាគបីនៃចម្ងាយឆ្ពោះមកកាន់ដីគោករបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ភាគច្រើនពាក់ព័ន្ធបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដែលលោកខាងលិចជឿថា វាអាចនឹងកៀកទៅដល់ការផលិតគ្រាប់បែកនុយក្លេអ៊ែរ។ ប៉ុន្តែអ៉ីរ៉ង់បានបដិសេធ៕




