អាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធារួមគ្នានៅខែមីនា ស្របពេលភាពតានតឹងជាមួយកូរ៉េខាងជើងកើនឡើង (Video inside)
25-02-2026 21:52
(សេអ៊ូល)៖ យោធាអាមេរិក និងកូរ៉េខាងត្បូង បានប្រកាសនាថ្ងៃពុធ ទី២៥ ខែកុម្ភៈថា នឹងរៀបចំសមយុទ្ធយោធាប្រចាំឆ្នាំនៅខែក្រោយ ដើម្បីពង្រឹងសមត្ថភាពការពារជាតិរួមគ្នា ស្របពេលដែលទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងកំពុងជាប់គាំងយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ។
សមយុទ្ធដែលមានឈ្មោះថា «Freedom Shield» នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ទី១៩ ខែមីនា ដោយផ្តោតសំខាន់លើការហាត់សមតាមប្រព័ន្ធកុំព្យូទ័រ និងការហ្វឹកហាត់ផ្ទាល់នៅលើទីវាល ដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ ខណៈសម្ព័ន្ធមិត្តទាំងពីរអះអាងថាវាគ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការប្រកាសនេះ ធ្វើឡើងស្របពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងរៀបចំមហាសន្និបាតបក្សដ៏ធំមួយ ដែលអ្នកជំនាញរំពឹងថាលោកនឹងបង្ហាញគោលជំហររឹងត្អឹងបន្ថែមទៀតប្រឆាំងនឹងទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន ព្រមទាំងបន្តពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន។ កន្លងមក ទីក្រុងព្យុងយ៉ាងតែងតែចាត់ទុកសមយុទ្ធនេះថាជាការហាត់សមឈ្លានពាន និងយកជាលេសដើម្បីសាកល្បងអាវុធ៕
