នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី បំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ស្របពេលភាពតានតឹងអាមេរិកនិងអ៉ីរ៉ង់កំពុងពុះកញ្ជ្រោល (Video inside)
25-02-2026 20:43
(ហ្សេរុយសាឡិម)៖ នាថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី (Narendra Modi) បានធ្វើដំណើរទៅដល់ប្រទេសអ៉ីស្រាអែល សម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ស្របពេលដែលក្តីបារម្ភក្នុងតំបន់កំពុងកើនឡើងយ៉ាងខ្លាំង ជុំវិញហានិភ័យនៃជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ជំនួបរវាងលោក ម៉ូឌី និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ រំពឹងថានឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាសិប្បនិមិត្ត (AI) និងវិស័យការពារជាតិ ខណៈអ៉ីស្រាអែលកំពុងស្វែងរកការពង្រីកការនាំចេញសព្វាវុធរបស់ខ្លួន។ មន្ត្រីរដ្ឋាភិបាលអ៉ីស្រាអែលបានគូសបញ្ជាក់ថា ទស្សនកិច្ចនេះនឹងត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូថ្មីៗលើវិស័យជាច្រើន ហើយទំនាក់ទំនងទ្វេភាគីកំពុងឈានដល់កម្រិតដ៏សំខាន់មួយ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ លោក ម៉ូឌី បានក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌាដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលបានបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល។ សម្រាប់ទស្សនកិច្ចផ្លូវការនាពេលនេះ លោកត្រូវបានរំពឹងថានឹងថ្លែងសុន្ទរកថានៅរដ្ឋសភាអ៉ីស្រាអែល (Knesset) ព្រមទាំងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅឯស្តូបរំលឹកដល់ជនរងគ្រោះអ៉ីស្រាអែល (Yad Vashem) ផងដែរ។
ទស្សនកិច្ចនេះធ្វើឡើងចំពេលដែលអាមេរិក កំពុងដាក់ពង្រាយកងទ័ពជើងទឹកយ៉ាងសន្ធឹកសន្ធាប់ក្បែរឆ្នេរអ៉ីរ៉ង់ ខណៈការចរចាកម្មវិធីនុយក្លេអ៊ែរកំពុងតែមមាញឹកខ្លាំង។ ការវាយប្រហារណាមួយពីអាមេរិក អាចនឹងទាញយកការសងសឹកពីអ៉ីរ៉ង់មកលើអ៉ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅបណ្តាប្រទេសអារ៉ាប់ក្នុងឈូងសមុទ្រ ដែលជាកន្លែងពលរដ្ឋឥណ្ឌារាប់លាននាក់កំពុងរស់នៅនិងធ្វើការ៕

