ការគំរាមដាក់គ្រាប់បែកលើនាយករដ្ឋមន្ត្រីអូស្ត្រាលី ជាប់ពាក់ព័ន្ធនឹងក្រុមសិល្បៈចិន Shen Yun (Video inside)
25-02-2026 19:36
(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) នៅថ្ងៃពុធនេះ បានថ្លែងថា លោកមិនអាចមើលរំលងបញ្ហាសុវត្ថិភាពឡើយ បន្ទាប់ពីលោកត្រូវបានជម្លៀសចេញពីភូមិគ្រឹះជាបន្ទាន់កាលពីយប់ថ្ងៃអង្គារ ដោយសារការគំរាមកំហែងដាក់គ្រាប់បែក ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមសិល្បៈចិន Shen Yun។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោងតាមអ្នកនាំពាក្យក្រុម Shen Yun ដែលជាក្រុមសិល្បៈរបាំបុរាណត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន បានឱ្យដឹងថា ពួកគេបានទទួលអ៊ីមែលគំរាមកំហែងជាភាសាចិន ដោយព្រមានថា ប្រសិនបើពួកគេនៅតែបន្តការសម្តែងនៅក្នុងប្រទេសអូស្ត្រាលីមែននោះ គ្រឿងផ្ទុះដែលបានដាក់នៅជុំវិញភូមិគ្រឹះនាយករដ្ឋមន្ត្រី នឹងត្រូវបំផ្ទុះឱ្យក្លាយជា «គំនរបាក់បែកប្រឡាក់ដោយឈាម»។ ភ្លាមៗនោះ ក្រុមការងារបានរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីធានាសុវត្ថិភាពសាធារណៈ។
គួរបញ្ជាក់ថា ប៉ូលិសមិនបានរកឃើញវត្ថុគួរឱ្យសង្ស័យឡើយ ហើយលោក អាល់បានីស បានត្រឡប់ចូលភូមិគ្រឹះវិញនៅប៉ុន្មានម៉ោងក្រោយមក។ ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Melbourne លោកនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការ «កាត់បន្ថយកម្តៅ» នៅក្នុងសង្គម ខណៈប្រភពដើមនៃការគំរាមកំហែងនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ៕

