អធិការបតីអាល្លឺម៉ង់ Friedrich Merz ទៅដល់ចិន សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្ម និងសន្តិសុខ (Video inside)
25-02-2026 17:01
(ប៉េកាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានទៅដល់ប្រទេសចិនហើយ នាថ្ងៃពុធ ទី២៥ ខែកុម្ភៈនេះ ដែលជាការចាប់ផ្តើមទស្សកិច្ចផ្លូវការ ទៅកាន់ប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ និងជាគូប្រជែងផ្នែកបច្ចេកវិទ្យា ខណៈដែលអឺរ៉ុបកំពុងតស៊ូជាមួយនិងបញ្ហាសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីក្រុងបែរឡាំង និងទីក្រុងប៉េកាំង ចង់សាងទំនាក់ទំនងសេដ្ឋកិច្ចចាស់វស្សារបស់ខ្លួន នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្កភាពស្មុគស្មាញដល់ពិភពលោក តាមរយៈពន្ធគយ ក៏ដូចជាចំណាត់ការផ្នែកនយោបាយការបរទេស។ ប៉ុន្តែលោក Merz ក៏រំពឹងថានឹងសង្កត់ធ្ងន់អំពីផលប្រយោជន៍របស់អាល្លឺម៉ង់ និងអឺរ៉ុប នៅក្នុងការពិភាក្សាថ្ងៃពុធ ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង រួមទាំងទទូចឱ្យលោកប្រើប្រាស់ឥទ្ធិពលចិន ដាក់សម្ពាធលើរុស្ស៉ី ឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក Merz គឺជាមេដឹកនាំប្រទេសលោកខាងលិចម្នាក់ទៀត ដែលបានទៅកាន់ទីក្រុងប៉េកាំង ក្នុងខែនេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney។ មុនពេលទៅដល់ប៉េកាំង លោក Merz បាននិយាយថា ទស្សនកិច្ចអមដោយគណៈប្រតិភូធុរកិច្ចមួយក្រុមធំ កើតឡើងដោយសារតែអាល្លឺម៉ង់ពឹងផ្អែកលើនាំចេញ ដែលត្រូវការទំនាក់ទំនងសេដ្ឋកិច្ចទូទាំងពិភពលោក៕
