រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ថាកិច្ចព្រមព្រៀងជាមួយអាមេរិក ស្ថិតនៅមិនឆ្ងាយទៀតទេ មុនការចរចាជុំថ្មីក្នុងសប្តាហ៍នេះ (Video inside)
25-02-2026 15:33
(តេហេរ៉ង់)៖ កាលពីថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បានប្រកាសថា កិច្ចព្រមព្រៀងដើម្បីបញ្ចៀសការផ្ទុះជម្លោះយោធាជាមួយសហរដ្ឋអាមេរិក គឺស្ថិតនៅមិនឆ្ងាយទៀតឡើយ ស្របពេលដែលភាគីទាំងពីរ នឹងត្រូវបន្តការចរចាជុំថ្មីនៅប្រទេសស្វ៉ីសក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសារបង្ហោះលើបណ្តាញសង្គម ប្រមុខការទូតអ៉ីរ៉ង់ លោក Abbas Araghchi លើកឡើងយ៉ាងដូច្នេះថា «យើងមានឱកាសជាប្រវត្តិសាស្រ្តមួយ ដើម្បីសម្រេចបាន កិច្ចព្រមព្រៀងមិនធ្លាប់មានពីមុនមក ដែលដោះស្រាយក្តីកង្វល់រួម និងផ្តល់ប្រយោជន៍ទៅមក»។ លោក Araghchi បានបន្ថែមថា កិច្ចព្រមព្រៀងនោះ គឺស្ថិតនៅមិនឆ្ងាយទៀតឡើយ ប៉ុន្តែលុះត្រាតែការទូតត្រូវបានផ្តល់អាទិភាព។
ទីក្រុងតេហរ៉ង់និងទីក្រុងវ៉ាស៉ីនតោន ត្រូវបានរំពឹងថា នឹងបើកកិច្ចចរចាជុំទី៣ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅទីក្រុងហ្សឺណែវ។ ប៉ុន្មានសប្តាហ៍មកនេះ អាមេរិកបានដាក់ពង្រាយ កម្លាំងយោធាទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ា ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមជាច្រើនលើកច្រើនសាថា នឹងបើកការវាយប្រហារលើអ៉ីរ៉ង់ ប្រសិនបើការចរចា ទីបំផុតទទួលបរាជ័យ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ អំឡុងសុន្ទរកថាប្រចាំឆ្នាំនៅចំពោះមុខសភាជាតិអាមេរិក លោក ត្រាំ បាននិយាយថា រូបលោកចង់ដោះស្រាយបញ្ហាជាមួយអ៉ីរ៉ង់ តាមរយៈមធ្យោបាយការទូត ប៉ុន្តែបានអះអាងថា លោកនឹងមិនអនុញ្ញាតឱ្យទីក្រុងតេហរ៉ង់ អភិវឌ្ឍអាវុធនុយក្លេអ៊ែរបានជាដាច់ខាត។ ក្នុងសារកាលពីថ្ងៃអង្គារ លោក Araghchi បានប្តេជ្ញាថា អ៉ីរ៉ង់នឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ទោះក្រោមកាលៈទេសៈណាក៏ដោយ ប៉ុន្តែបានទទូចថា ប្រទេសអ៉ីរ៉ង់បានសិទ្ធិទាញយកភាគលាភ ពីបច្ចេកវិទ្យានុយក្លេអ៊ែរ ដែលប្រើសម្រាប់គោលដៅស៉ីវិល៕



