លោក ត្រាំ ចង់ដោះស្រាយបញ្ហាជាមួយអ៉ីរ៉ង់តាមរយៈការទូត ប៉ុន្តែប្តេជ្ញាមិនឱ្យអ៉ីរ៉ង់មាននុយក្លេអ៊ែរដាច់ខាត (Video inside)
25-02-2026 14:21
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកចង់ដោះស្រាយការប្រឈមមុខដាក់គ្នា ជាមួយអ៉ីរ៉ង់តាមរយៈមធ្យោបាយការទូត ប៉ុន្តែបានព្រមានថា នឹងគ្មានថ្ងៃអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់ អភិវឌ្ឍអាវុធនុយក្លេអ៊ែរដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ថ្លែងអំឡុងសុន្ទរកថាប្រចាំឆ្នាំនៅចំពោះមុខសភាជាតិអាមេរិក កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា «ពួកយើងកំពុងស្ថិតក្នុងកិច្ចចរចាជាមួយពួកគេ (អ៉ីរ៉ង់)... ពួកគេចង់សម្រេចបានកិច្ចព្រមព្រៀង ប៉ុន្តែយើងមិនទាន់លឺពាក្យសម្ងាត់ទាំងនោះនៅឡើយទេ ដែលនិយាយថា 'យើង (អ៉ីរ៉ង់) នឹងមិនកាន់កាប់អាវុធនុយក្លេអ៊ែរឡើយ»។ លោកប្រធានាធិបតីអាមេរិក បានបន្តថា «ខ្ញុំចង់ដោះស្រាយបញ្ហានេះតាមការទូត ប៉ុន្តែរឿងមួយច្បាស់ណាស់ គឺខ្ញុំនឹងមិនអនុញ្ញាតឱ្យប្រទេសលេខមួយខាងគាំទ្រភេរវកម្ម មានអាវុធនុយក្លេអ៊ែរជាដាច់ខាត»។
គួរបញ្ជាក់ថា ចាប់តាំងពីខែមុន លោក ត្រាំ បានបញ្ជូនកងកម្លាំងយោធាអាមេរិកធំសម្បើម ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំងដល់ទៅ២គ្រឿង រួមជាមួយនាវាចម្បាំងជាង១០គ្រឿងផ្សេងទៀត ព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅទីនោះ។ លោកធ្លាប់បានគំរាមម្តងហើយម្តងទៀតថា នឹងវាយប្រហារលើអ៉ីរ៉ង់ ប្រសិនបើការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀងមួយ។ កិច្ចពិភាក្សាជាមួយទីក្រុងតេហរ៉ង់ ត្រូវបានរំពឹងថានឹងបន្ត នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕


