FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ាគីស្ថាននិងហ្វាហ្កានីស្ថានផ្ទុះអាវុធនៅព្រំដែន ហើយចោទគ្នាទៅវិញទៅមកអំពីអ្នកបាញ់មុន ស្របពេលភាពតានតឹងកើនឡើងជាថ្មី (Video inside)

25-02-2026 13:53

(កាប៊ុល)៖ កាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ កងកម្លាំងប៉ាគីស្ថាននិងអាហ្វហ្កានីស្ថាន បានផ្ទុះអាវុធដាក់គ្នានៅតំបន់ព្រំដែន ហើយភាគីទាំងពីរបានទម្លាក់កំហុសទៅវិញទៅមក អំពីអ្នកបាញ់បង្កហេតុមុន។ វាកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស​របស់ប៉ាគីស្ថាននៅអាហ្វហ្កានីស្ថាន បានបង្កឱ្យមានភាពតានតឹងជាថ្មី ក្នុងទំនាក់ទំនង ដែលបានធ្លាក់ចុះរួចជាស្រេចហើយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ចាប់តាំងពីប៉ាគីស្ថានបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសនៅអាហ្វហ្កានីស្ថាន កាលពីចុងសប្តាហ៍មុនមក ភាពតានតឹងបានកើនឡើងជាថ្មី ដែលគំរាមកំហែងបទឈប់បាញ់ផុយស្រួយ សម្រេចបានក្រោយការប៉ះទង្គិចយ៉ាងប្រល័យនៅព្រំដែនប្រទេសទាំងពីរ កាលពីខែតុលា ឆ្នាំមុន។

អ្នកនាំពាក្យនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Mosharraf Zaidi បាននិយាយថា អាជ្ញាធរតាលីបង់នៅអាហ្វហ្កានីស្ថាន បានបង្កសកម្មភាពបាញ់ប្រហារ នៅតំបន់ Torkham និង Tirah នៃបណ្តោយព្រំប្រទល់ប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន ជាហេតុបង្ខំឱ្យកងកម្លាំងសន្តិសុខប៉ាគីស្ថានតបតទៅវិញ។ លោក Zaidi បានព្រមានថា ប្រសិនបើមានសកម្មភាពបង្កហេតុថែមទៀត នោះការឆ្លើយតបនឹងមានកម្រិតធ្ងន់ជាងមុន។

ដោយឡែក ខាងមន្រ្តីអាហ្វហ្កានីស្ថាន បានអះអាងផ្ទុយពីខាងលើ ដោយនិយាយថា កងកម្លាំងប៉ាគីស្ថានវិញទេ គឺជាអ្នកដែលបានបើក​ការបាញ់ប្រហារមុន ហើយកងកម្លាំងអាហ្វហ្កានីស្ថាន ក៏បានឆ្លើយតប។ យ៉ាងណាមិញ ការផ្ទុះអាវុធបានស្ងប់ស្ងាត់ទៅវិញហើយ និងមិនមានជនជាតិអាហ្វហ្កានីស្ថាន បាត់បង់ជីវិតឬរងរបួសទេ។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់ទីក្រុងអ៉ីស្លាម៉ាបាដ ការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថានកាលពីប៉ុន្មានថ្ងៃមុន បានកំណត់គោលដៅលើ​ជំរំរបស់ក្រុមសកម្មប្រយុទ្ធ ដែលមានមូលដ្ឋាននៅភាគខាងកើតអាហ្វហ្កានីស្ថាន ហើយបានសម្លាប់អ្នកប្រយុទ្ធប្រហែល៧០នាក់។ យ៉ាងណាមិញ បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំអាហ្វហ្កានីស្ថាន បានឱ្យដឹងថា ខ្លួនទទួលបានរាយការណ៍អាចជឿជាក់បាន អំពីជនស៉ីវិលយ៉ាងហោច១៣នាក់បានស្លាប់ និង៧នាក់បានរងរបួសនៅខេត្ត Nangarhar ខណៈមន្រ្តីតាលីបង់ បានផ្តល់តួលេខខ្ពស់​ជាងនេះ។ ប៉ាគីស្ថានចោទថា ក្រុមសកម្មប្រយុទ្ធទាំងនោះ ធ្វើប្រតិបត្តិការចេញពីទឹកដីអាហ្វហ្កានីស្ថាន ប៉ុន្តែទីក្រុងកាប៊ុលបដិសេធ៕